ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់យកដាវកាប់ទៅលើបងជីដូនមួយខ្លួនឯង ចំដើមទ្រូងបណ្ដាលឲ្យរបួសជាទម្ងន់ ព្រោះខឹងរុញច្រានម្ដាយរបស់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បានយកដាវកាប់ទៅលើបុរសម្នាក់ត្រូវជាបងជីដូនមួយខ្លួនឯងចំដើមទ្រូង បណ្ដាលឲ្យបុរសជាជនរងគ្រោះទទួលរងរបួសយ៉ាងទម្ងន់ ព្រោះតែខឹងនឹងជនរងគ្រោះរុញច្រានម្ដាយរបស់ខ្លួន ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ងឹម ថង ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកអនាម័យនៅកាសស៊ីណូហ្គ្រេនដ្រ្តាហ្គនជ្រៃធំ (រត់គេចខ្លួនបាត់ស្រមោល) ។ ចំណែកជនរងគ្រោះឈ្មោះ លន់ សារ៉ន ហៅគាំង ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ ។ ជនរងគ្រោះនិងយុវជនសង្ស័យត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវជាបងជីដូនមួយរបស់ជនសង្ស័យ បានជិះម៉ូតូទៅផ្ទះជនសង្ស័យ ក្នុងគោលបំណងយកឌុយសាកទូរស័ព្ទរបស់ខ្លួន ដែលចោតថាឈ្មោះ ងឹម ថេ ត្រូវជាបងបង្កើតជនសង្ស័យជាអ្នកយក ខណៈទៅដល់បានជនរងគ្រោះក៏បានសួរនាំ តែឈ្មោះ ងឹម ថេ (ជាបងជនសង្ស័យ) បានតបវិញថា មិនបានយកទេ រួចក៏បានជជែកគ្នា ធ្វើឲ្យជនរងគ្រោះខឹងក៏បានវាយពីរដៃ និងធាក់មួយជើងទៅលើឈ្មោះ ងឹម ថេ ឃើញដូច្នោះ ម្ដាយជនសង្ស័យក៏បានចូលទៅឃាត់ រួក៏បានជជែកគ្នាជាមួយជាមួយជនរងគ្រោះរហូតទាក់មាត់ទាក់ក.គ្នា ភ្លាមនោះជនរងគ្រោះក៏រុញច្រានស្រ្ដីដែលជាម្ដាយជនសង្ស័យបន្ថែមទៀត ខណៈនោះជនសង្ស័យឈ្មោះ ងឹម ថង បានមកដល់ រួចសួរនាំរឿងហេតុ ភ្លាមនោះឈ្មោះ ងឹម ថេ ជាបងបង្កើតជនសង្ស័យបានឆ្លើយប្រាប់ថា វាបានរុញ វាយម៉ែ ឮដូចនេះជនសង្ស័យមានចិត្តខឹង ក៏ស្ទុះទៅយកដាវពីក្នុងផ្ទះកាប់ទៅលើជនរងគ្រោះជាបងជីដូនមួយខ្លួនចំដើមទ្រូង ខណៈដែលជនរងគ្រោះដើរចេញទៅកន្លែងទុកម៉ូតូ បណ្ដាលឲ្យរងរបួសយ៉ាងទម្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកឯជនសង្ស័យវិញ សមត្ថកិច្ចជំនាញកំពុងក៏សាងសំណំរឿង ស្រាវជ្រាវស៊ើបអង្កេតដើម្បីចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖