ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យលោកវរសេនីយ៍ត្រី ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់ធំនិងតូច ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១.ឈ្មោះ ហន ហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សិ្ថតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងជនសង្ស័យទី២.ឈ្មោះ សុំ ឡាយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សិ្ថតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះដែរ វត្ថុតាងចាប់យកបានរួមមាន ៖ ក្រាមពណ៍សថ្លាចំនួន០៦កញ្ចប់ថង់ (២កញ្ចប់ថង់ធំល្មម),និង៤កញ្ចប់ថង់តូច, ទុយយោជ័រ សម្រាប់ចូកគ្រឿងញៀនចំនួន០៣កំណាត់, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរសព្ទម៉ាកណូគា(N0KIA)ចុចពិល ពណ៌ក្រហម ចំនួន០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកអន្តរាគមន៏ខណ្ឌដង្កោ ដឹកនាំដោយលោកវរៈសេនីយ៏ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ,លោកវរៈសេនីយ៏ទោ សូរ វិសាល អធិការរងនគរបាលខណ្ឌដង្កោ,លោកវរៈសេនីយ៏ត្រី ជាង ហុក សែ អធិការរងនគរបាលខណ្ឌដង្កោ បានចុះបង្រ្កាបជាក់ស្តែងក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង សិ្ថតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមនិងវត្ថុតាងខាងលើ បានយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ