ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីរាជការ និងពលរដ្នរិះគន់ អាជ្ញាធរអប្សរា នៅសុខៗ ឡើងគម្រោងយក លុយជាតិមកធ្វើផ្លូវកៅស៊ូ ឲ្យទៅជាផ្លូវបែកភក់ ដូចបំផ្លាញលុយទទេៗ

ចែករំលែក៖

ខេត្តសៀមរាប៖ ទីបំផុតអាជ្ញាធរខេត្ត សៀមរាប បានចុះលាងសំអាតផ្លូវនោះវិញហើយ បន្ទាប់ពីមើលឃើញ ពីការលំបាករបស់ប្រជាពលរដ្ន ។ កាលពីព្រឹកម្សិលម៉ិញ ផេកហ្វេសប៊ុករដ្ឋបាល ខេត្តសៀមរាបបាន បង្ហោះថា៖ សូមសាធារណជន មេត្តាយោគយល់ចំពោះ ការបិទចរាចរ លើកំណាត់ ផ្លូវកូម៉ៃ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ដើម្បី ទុកឲ្យក្រុមហ៊ុនម៉ៅការ ពីអាជ្ញាធរអប្សរា បង្ហើយការលាងសំអាតដី។

ដោយមើលឃើញការអនុវត្តការងាររបស់ក្រុមហ៊ុនម៉ៅការពីអាជ្ញាធរអប្សរា ជួសជុលសាងសង់ចិញ្ចើមផ្លូវលើកំណាត់ផ្លូវកូម៉ៃ នេះ បានបង្កផលប៉ះ ពាល់ដល់អ្នកធ្វើដំណើរ ឆ្លងកាត់ និងដើម្បីបញ្ចៀសផលប៉ះពាល់នេះបន្តទៀត ព្រមទាំងការលំបាក របស់បងប្អូនធ្វើដំណើរឆ្លងកាត់ផ្លូវនេះ អាជ្ញាធរខេត្ត បានសម្របសម្រួល ជាមួយអាជ្ញាធរអប្សរាដែលជាម្ចាស់គម្រោង ណែនាំឲ្យក្រុមហ៊ុនម៉ៅការបន្តសំអាតឲ្យបានរួចរាល់ជាស្ថាពរ ដោយបន្តអនុវត្តចាប់ពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ កងកម្លាំងនគរបាល អគ្គិភ័យនៃស្នងការដ្ឋាន នគរបាលខេត្ត បានចុះមកជួយសហការជាមួយក្រុមហ៊ុន និងអាជ្ញាធរអប្សរាសំអាតបានមួយចំនួនហើយ ប៉ុន្តែនៅមិនទាន់រួចរាល់ជាស្ថាបពរ ទើបត្រូវបន្តនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់រួចរាល់ទាំងស្រុង ។

រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់កងកម្លាំងនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានចូលរួមសហការ ក្នុងសកម្មភាពលាងសំអាតនេះ។

សូមសាធារជនទាំងអស់មេត្តាយោគយល់អធ្យាស្រ័យចំពោះបងប្អូនធ្វើដំណើរជួបការលំបាកកន្លងមក និងចំពោះការបិទផ្លូវនេះក្នុងន័យដើម្បីបញ្ចៀសគ្រោះថ្នាក់ក្នុងពេលលាងសំអាត និងសូមស្នើបងប្អូនបញ្ជៀសចរាចរពីកំណាត់ផ្លូវនេះដោយអនុគ្រោះ!

ប៉ុន្តែមតិសាធារណជនភាគច្រើនលើកឡើងថា អាជ្ញាធរអប្សរាមិនគួរឡើងគម្រោងយកលុយជាតិមកបំផ្លាញចោលយ៉ាងនេះទេ ។ អ្នកខ្លះទៀតបានលើក ឡើងតាមរបៀបកំប្លុកកំប្លែងថា ÷ តាមពិតទៅ ពួកគាត់ធ្លាប់ឃើញតែអប្សរានៅតាមថែប្រាសាទ មិនដែលចេះធ្វើអ្វីទេ ។ លុះដល់សម័យនេះ អប្សរាចេះសរសេរគម្រោងយកលុយជាតិមកធ្វើផ្លូវកៅស៊ូឱ្យក្លាយទៅជាផ្លូវបែកភក់ ធ្វើចរាចរណ៍មិនកើត ។ ទីបំផុតយកលុយទៅចោលលេងទទេ គ្មានបានការ? ៕ ប៊ុនរិទ្ធី


ចែករំលែក៖