ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបន្ដប្រតិបត្តិការតាមបង្ក្រាបក្រុមចោរលួចរថយន្ដតាមបណ្ដាខេត្តបានចំនួន៣នាក់ទៀត

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ កម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌសហការជាមួយ នគរបាលខេត្តកំពត និង នគរបាលខេត្តឧត្តរមានជ័យ បានបន្ដបើកប្រតិបត្តិការ រួមគ្នា តាមបង្ក្រាបក្រុមចោរលួចរថយន្ដ តាមបណ្ដាខេត្ត បានចំនួន ៣នាក់បន្ថែមទៀត នៅខេត្តឧត្តរមានជ័យ ខណៈបក្ខពួកដែលបង្ក្រាបលើក មុន ត្រូវតុលាការខេត្តកំពត ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររូចហើយ ។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា បានឲ្យដឹងថា ប្រតិបត្តិការតាម ចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសហការជាមួយ ការិយាល័យអនុវត្តដីកានាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆាន់ គឹមលី និងសមត្ថកិច្ចនគរបាល ខេត្តកំពត ចុះអនុវត្តដីកាចាប់ខ្លួន និងបញ្ជាឲ្យចូលខ្លួនរបស់ សាលាដំបូងខេត្តកំពត និងចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ខណៈម្នាក់ទៀតកំពុង តាមរុករក។

លោកវរសេនីយ៍ទោ ឆាន់ គឹមលី នាយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យដែលកម្លាំង នគរបាល តាមបង្ក្រាបបាននេះមាន÷ ទី១៖ ឈ្មោះ នួន យាន អាយុ៣៦ឆ្នាំ ទី២៖ ឈ្មោះ ស៊ុម ហយ ហៅពេជ្រ អាយុ២១ឆ្នាំ និងទី៣៖ឈ្មោះ ស៊ុម ង៉ុយ អាយុ៤៣ឆ្នាំ ។ ពួកគេត្រូវបានចាប់ខ្លួននៅចំណុចផ្ទះជួល ស្ថិតភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទលួចមានស្ថានទម្ងន់ (ក្រុមលួចរថយន្ត) ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន បញ្ជូនមកកាន់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ មុខសញ្ញាលួចរថយន្ដចំនួន៣នាក់ ដែលបានធ្វើសកម្មភាពយ៉ាង សកម្មនៅតាមបណ្ដាខេត្តនានា ហើយត្រូវបង្ក្រាបបានជាបន្ដ បន្ទាប់នោះ ត្រូវបានតុលាការ ខេត្តកំពត សម្រេចចេញដីកាឃុំខ្លួនក្រុមចោរទាំងនេះ ដាក់ពន្ធនាគារផងដែរ ដោយចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស សមគំនិតលួច និងទទួលផលចោរកម្ម ។

ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចទទួលបាន លទ្ធផលដូចខាងក្រោម÷

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ សុំ ហ៊ីន អាយុ១៨ឆ្នាំ កំណើតភូមិយស់ ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ននៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយរឹបអូសរថយន្តហាយឡែនឌ័រ១គ្រឿង។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ រ៉ា ឌីឡា អាយុ២៥ឆ្នាំ នៅភូមិគគី ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានរថយន្ត RX300 ពណ៌ស ១គ្រឿង ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ជុំ លីមសុង ហៅហ្គោ អាយុ៣១ឆ្នាំ កំណើតភូមិអូរលាវ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ បច្ចុប្បន្ននៅភូមិផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមចម្លើយសារភាព របស់ជននេះសមត្ថកិច្ច រឹបអូសបានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿង ។

សម្រាប់រថយន្តទាំងនេះ ត្រូវបាននគរបាលប្រគល់ជូនម្ចាស់វិញ មានទីលំនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ៕ ប៉ែន នួន


ចែករំលែក៖