ព័ត៌មានទាន់ហេតុការណ៍៖

បុរសរត់ម៉ូតូឌុបម្នាក់ អង្គុយគាំងបេះដូងស្លាប់ ក្នុងហាងកាហ្វេ «លុយហុង កាហ្វេ១៦៨» នៅស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ​ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈបុរសម្នាក់អង្គុយស្លាប់​លើកៅអី ក្នុងហាងការហ្វេយីហោ «លុយហុង កាហ្វេ១៦៨» ជាប់ផ្លូវបេតុង​ (ជិតសាលាបារាំង) ក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៧យប់​ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩ ។

តាមប្រភពពីសតម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ សាត សុខា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប​ ស្នាក់នៅផ្ទះជួល គ្មានលេខ​ ក្រោយផ្ទះលក់កាហ្វេកើតហេតុខាងលើ​ មានស្រុកកំណើតនៅភូមិចា​ ឃុំរំលេច​ ស្រុកស៊ីធរកណ្ដាល​ ខេត្តព្រៃវែង​។

តាមសម្ដីរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនថ្ងៃកើតហេតុ ជនរងគ្រោះតែងតែផឹកស្រាស្រវឹង និងមិនសូវហូបបាយទៀងទាត់នោះទេ ស្រាប់តែនៅយប់ថ្ងៃកើតហេតុក៏លឺដំណឹងថា ជនរងគ្រោះអង្គុយស្លាប់ក្នុងរោងកាហ្វេ ។

តាមការបំភ្លឺរបស់អ្នកលក់កាហ្វេ ស្ថិតនៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថា នៅមុនកើតហេតុ​ កាលពីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង​ ម៉ាក​ Honda Dream ស៊េរីឆ្នាំ​២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​ 1GC-3856 មកចូលហាងកាហ្វេ រួចសំរាលលក់លើកៅអីអង្គុយ​ហើយ​ លុះដល់ម៉ោងបាយ​ ជនរងគ្រោះ​ក៏ងើបចេញទៅបាត់ រហូតរសៀលបន្តិច​ ជនរងគ្រោះ​ក៏បានត្រលប់មកហាងកាហ្វេវិញ​ រួចហៅការហ្វេមួយកែវ​អង្គុយផឹកទៀត បន្ទាប់មកជនរងគ្រោះអង្គុយផឹកការហ្វេបណ្តើរ និងមើលរឿងវីដេអូបណ្តើរ រហូតដល់ម៉ោងប្រហែលជិត០៦យប់ថ្ងៃខែដដែល ម្ចាស់ហាង ក៏រៀបចំកៅអីតុ បិទហាង ហើយក៏បានឃើញជនរងគ្រោះដេកនៅកន្លែង បានដាស់ជនរងគ្រោះមិនភ្ញាក់ បាននាំគ្នាមកដាស់ទៀតតែមិនភ្ញាក់ ទើបដឹងថាគាត់បានស្លាប់បាត់ទៅហើយ តែមិនដឹងថា ស្លាប់ដោយសារមូលហេតុអ្វីនោះទេ ទើបប្រញាប់រាយការណ៍ទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលភ្លាមៗផងដែរ ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យ​ និងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅលើដងខ្លួនសព មិនមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយជនរងគ្រោះពិតជាស្លាប់ដោយសារ គាំងបេះដូង ពិតប្រាកដមែន ។

ក្រោយការពិនិត្យបានចប់សព្វគ្រប់ សពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ


ចែករំលែក៖