ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបជនជាតិចិន បណ្តាលឲ្យជនរងគ្រោះដួល រងរបួស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្ត ករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបជនជាតិចិន ) បណ្តាលឲ្យជនរងគ្រោះដួលរងរបួស ត្រូវនគរបាលក្របួច ។

ហេតុការណ៍នេះកើតឡើង​នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ០០នាទី ពេលនោះ មានជនជាតិចិន ០២នាក់ ស្រី១ ប្រុស១ កំពុងដើរតាមផ្លូវនៅចំណុចរង្វង់មូលតោ២ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ដោយនារីជាជនជាតិចិនមានស្ពាយកាបូបចំហៀង ០១ ភ្លាមនោះស្រាប់តែមានជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់យកកាបូបរបស់នារីជនជាតិចិននោះ ដួលអូសប្រហែលជា ០២ម៉ែត្រ ក្នុងពេលនោះ ក៏ត្រូវកម្លាំងល្បាតរបស់ផែននគរបាលព្រហ្មទណ្ឌ ឃើញសកម្មភាពឆក់ ក៏សហការជាមួយកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ និងកម្លាំងដែលពាក់ព័ន្ធ ដេញស្ទាក់ចាប់បានជនសង្ស័យទាំង ០២នាក់ភ្លាមៗនោះដែរ ។

ជនរងគ្រោះឈ្មោះ HUANG HAI YAN ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ លិខិតឆ្លងដែនលេខៈ EA៣១៨០២៦៦ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ។ សម្ភារ បាត់បង់, កាបូបស្ពាយចំហៀង ០១ ពណ៌ទឹកក្រូច, លុយ ១០៥ដុល្លារ, ទូរស័ព្ទ ០២គ្រឿង ( ម៉ាក OPPO ពណ៌ស និងម៉ាក HUAWEI ពណ៌ខ្មៅ ) ។ ជនរងគ្រោះ បានរងរបួសរលាស់ស្មាខាងឆ្វេង និងពកក្បាល( របួសមធ្យម ) ។

សមត្ថកិច្ចបញ្ជាក់ថា ចំណែកឯជនសង្ស័យ ឈ្មោះ យាន ស៊ីយ៉ែន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ ) និងឈ្មោះ ឈិន កុសល ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ( ជនដៃដល់ជិះពីក្រោយឆក់កាបូប ) ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យក ទូរស័ព្ទដៃ ០២គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ និងម៉ាក OPPO ពណ៌ស ( ផលនៃអំពើឆក់កន្លងមក ) ។ កាបូបស្ពាយចំហៀង ០១ ពណ៌ទឹកក្រូច ( ផលនៃអំពើឆក់ ), លុយ ១០៥ដុល្លារ ( ផលនៃអំពើឆក់ ), ទូរស័ព្ទ ០២គ្រឿង ម៉ាក OPPO ពណ៌ស និងម៉ាក HUAWEI ពណ៌ខ្មៅ ( ផលនៃអំពើឆក់ ), ម៉ូតូ ០១គ្រឿង ម៉ាក សង់បិច ពណ៌ខៀវ ស្លាកលេខ កណ្តាល ១R០០៦៧ ( មធ្យោបាយជិះធ្វើសកម្មភាព ) ។

ចំពោះករណីនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖