ខេត្តឧត្ដរមានជ័យ៖ ដោយមានការព្រួយបារម្ភ និង យកចិត្តទុកដាក់ជាខ្លាំងទៅលើ ប្រជាពលរដ្ឋមានផលវិបាក និងកង្វះទឹកប្រើប្រាស់ ពីសំណាក់លោករដ្ឋមន្ត្រី លឹម គាន ហោ នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ លោក រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យ លោកញឺន គួន ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយម ខេត្តឧត្ដរមានជ័យ ចុះទៅពិនិត្យជាក់ស្ដែង ដើម្បីឆ្លើយតប ទាន់សភាពការ ដែលប្រជាពលរដ្ឋចំនួនបីភូមិ សុំអំពាវនាវ ទៅដល់ លោករដ្ឋមន្ត្រី លឹម គាន ហោ ជួយកសាងទំនប់បិទទឹក នៅអូរំចេក ក្នុងភូមិរំចេក ឃុំស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដើម្បីប្រើប្រាស់ទៅតាម តម្រូវការរបស់ប្រជាពលរដ្ឋ ។
លោក ញ៉ឺន គួន ប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយម ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ដោយសារតែមានការយកចិត្ត ទុកដាក់ខ្ពស់ អំពីទុក្ខកង្វល់ និងទុក្ខលំបាករបស់ ប្រជាពលរដ្ឋជាខ្លាំង ពីសំណាក់លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជារូបលោកចុះទៅពិនិត្យ និងសិក្សាលទ្ធភាព និងរាយរបាយការណ៍ទៅថ្នាក់លើដើម្បីឆ្លើយតបតម្រូវប្រជាពលរដ្ឋ ទោះជាថ្ងៃអាទិត្យ ដែលជាថ្ងៃមន្រ្ដីរាជការឈប់ សម្រាកក៏ដោយ។
លោក ញ៉ឺន គួន បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានសូមអំពាវនាវ ទៅដល់លោករដ្ឋមន្រ្ដី សូមឲ្យជួយកសាងទំនប់ទឹកនោះ មានចំនួន បីភូមិ ទី១ ភូមិរំចេក ទី២ ភូមិរំចេកខាងកើត ទី៣ ភូមិរំចេកខាងលិច ដែលមានចំនួនប្រជាពលរដ្ឋ សរុបចំនួន ៦៣២គ្រួរសារ ស្មើនឹង២៨៥៧នាក់ ។
ប្រជាពលរដ្ឋទាំងបីភូមិខាងលើនេះ មានការសប្បាយរីករាយយ៉ាង ខ្លាំង នៅពេលពួកគាត់ សុំអំពាវនាវ ទៅលោក លឹម គានហោ រដ្ឋមន្រ្ដីធនធានទឹក និងឧត្ដុនិយម ឲ្យជួយកសាងទំនប់ទឹកដើម្បីបានទឹកប្រើប្រាស់ទៅតាមតម្រូវការជូនដល់ពួកគាត់ ដោយបានឃើញ លោកញ៉ឺន គួន ប្រធានមន្ទីរធនធានទឹក និងឧត្ដុនិយម ខេត្តឧត្ដរមានជ័យចុះសិក្សា លទ្ធភាព និងរាយការណ៍ជូនទៅថ្នាក់លើវិញ ដើម្បីឆ្លើយតប ទៅតាម តម្រូវការចាំបាច់របស់ពួកគាត់ ដែលខ្វះមិនបាន ។
ប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោករដ្ឋមន្ត្រីលឹម គានហោ នឹងមិនទុកបណ្ដែតបណ្ដោយ ឲ្យពួកគាត់រងទុក្ខដោយសារតែ ខ្វះទឹកប្រើប្រាស់តទៅទៀតនោះទេ ក្រោយពីលោកបាន ជ្រាបអំពីទុក្ខកង្វល់ និងផលវិបាក របស់ពួកគាត់ហើយនោះ ប្រាកដជាលោក ឆ្លើយតបទៅ តាមតម្រូវការរបស់ពួកគាត់ជាក់ជាមិនខាន ៕ ប៉ែន នួន