ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្តទាំង២៥ ប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។ ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីរាយក្រែលែង ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសារ ទិវាជាតិទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ និងពិធីប្រគល់ជ័យលាភី រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ លើកទី៣ អមជាមួយជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ( Best Countdown City of the Year) និងជ័យលាភីបង្គន់សាធារណៈកម្ពុជា លើកទី១ នាពេលនេះ។ សម្តេចតេជោជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍កម្ពុជាទទួលបានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័យតក់ស្លុតចំពោះការចាក់បង្ហាញរឿងសត្វឆ្កែខាំលើមនុស្សកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ ដោយមានការភ័យខ្លាច និងព្រួយបារម្ភ គឺមានប្រជាពលរដ្ឋជាច្រើន រួមទាំងអ្នកខ្លះមិនមានសត្វឆ្កែខាំផង បាននាំគ្នាតម្រង់ជួររងើ់ចាំចាក់ថ្នាំវាក់សាំងការពារជំងឺ “ឆ្កែឆ្គួត” ដែលធ្វើឲ្យមានការកកស្ទះនៅកន្លែងចាក់ថ្នាំបង្កាវិទ្យាស្ថានប៉ាស្ទ័រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងសុខាភិបាលបន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងត្រូវពង្រាយសេវាចាក់ថ្នាំនៅតាមមន្ទីពេទ្យនានាអោយបានច្រើន។ ជាមួយគ្នានេះផងដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួនធ្វើយ៉ាងណាកុំឲ្យឆ្កែខាំ។
ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិភាព កុំឲ្យមានអំពើរភេវរកម្ម ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យតំបន់ររមណីយដ្ឋាន តំបន់ទេសចរណ៍ តំបន់រោងចក្រក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ ដោយក្នុងនោះអាជ្ញាធរត្រូវបន្តអនុវត្តភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ ខ្ជួនដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យអ្នកដែលបម្រើសេវាកម្មទេសចរណ៍ទាំងអស់ដូចជា ផ្នែកសណ្ឋាគារ និងភោជនីដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសេវាកម្ម ការបដិសណ្ឋារកិច្ច និងផ្នែកអនាម័យ គឺត្រូវអនុវត្តឲ្យបានល្អបំផុតដល់ភ្ញៀវ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវមកស្នាក់នៅ ហើយលើកក្រោយមកទៀតជាមួយមិត្តគ្រួសារ និងអ្នកទេសចរជាច្រើនទៀត។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យវិស័យទេសចរណ៍ត្រូវមានការផ្សាភ្ជាប់ ឬទាញផលប្រយោជន៍ពីវិស័យកសិកម្មតាមរយៈការជំរុញឲ្យកសិករ ម្ចាស់រមណីយដ្ឋាន និងភោជនីយដ្ឋាន បង្កើនការដាំដុះដំណាំកសិកម្មបែបធម្មជាតិឲ្យបានច្រើន ដើម្បីបំពេញតម្រូវការដល់ភ្ញៀវទាំងជាតិ និងអន្តរជាតិ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធ ព្រះសង្ឈគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និសិ្សត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុនឯកជន រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ឲ្យបានផុលផុសថែមទៀត ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអបអរសារដល់ខេត្ត និងក្រុងដែលទទួលបានជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំគឺមានៈ ១)រាជធានីភ្នំពេញ ២)ខេត្តសៀមរាប និង៣)ខេត្តកែប។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបតែសេចក្តីសុខចម្រើន។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញប្រគល់ជ័យលាភី រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣ អមជាមួយជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ( Best Countdown City of the Year) និងជ័យលាភីបង្គន់សាធារណៈកម្ពុជា លើកទី១ ដល់ស្ថាប័នធុរៈកិច្ចដែលមានស្នាដៃឆ្នើមដែលបានចូលរួមអភិវឌ្ឍន៍យ៉ាងល្អនៅក្នុងវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបានបានថតរូបអនុវស្សាវរីយ៍ជាមួយជ័យលាភីទាំងអស់ក្នុងបរិយាកាសរីករាយនិងស្និទ្ឋស្នាលក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ