ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់ ផ្តាច់ចរន្តអគ្គិសនីបង្កប៉ះពាល់ប្រជាពលរដ្ឋគ្មានភ្លើងប្រើប្រាស់ជាង២ពាន់គ្រួសារ ខូចខាតផ្ទះប្រជាពលរដ្ឋ១៥១ខ្នង ដួលរលំ និងបើកដំបូលស្តង់ទីលានទិញដំឡូង២កន្លែង ដួលរលំរោងការ២កន្លែងនៅស្រុកសំពៅលូន ជាប់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ខ្យលកន្រ្តាក់លាយឡំជាមួយភ្លៀង ផ្គរន្ទៈបានផ្តាច់ចរន្តអគ្គិសនី បង្កប៉ះពាល់ប្រជាពលរដ្ឋគ្មានភ្លើង ប្រើប្រាស់ជាង២ពាន់គ្រួសារ ខូចខាតផ្ទះប្រជាពលរដ្ឋ ១៥១ខ្នង ដួលរលំ និងរបើកដំបូលស្តង់ទីលានទិញដំឡូង២កន្លែង ដួលរលំរោងការ២កន្លែង នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់ព្រំដែន កម្ពុជា-ថៃ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។ សេចក្តីរាយការណ៍ឲ្យដឹងថា ហេតុការណ៍នោះ មិនបង្កប៉ះពាល់គ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះឡើយ ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំពៅលូនបានបង្ហាញឲ្យដឹងថា ខ្យល់កន្រ្តាក់បោកបក់ប៉ះពាល់ចំនួន៣ឃុំគឺឃុំសន្តិភាព ,ឃុំសិរីមានជ័យ និងឃុំជ្រៃសីម៉ា ក្នុងនោះរងការខូច ផ្ទះដួលរលំទាំងស្រុង១៥ខ្នង និងផ្ទះ របើកដំបូលស័ង្កសីទាំងស្រុង និងរបើកដំបូលមធ្យម១៣៧ខ្នង របើកដំបូលសាលារៀនបឋមសិក្សាហ៊ុន សែន ជ្រៃ សីម៉ា ២៥សន្លឹក ។ ក្នុងឃុំចំណោមទាំង៣ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់គឺឃុំសន្តិភាពបានរងគ្រោះខ្យល់បក់បោកដួលរលំផ្ទះប្រជាពលរដ្ឋច្រើនធ្ងន់ធ្ងរជាងគេ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍ប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញខ្យល់បក់បោកយ៉ាងខ្លាំង ដែលមានលាយឡំជាមួយ និងភ្លៀងផ្គរន្ទះពីទិសខាងកើតទៅលិច ។ ខ្យល់កន្រ្តាក់ក៏បានកួចរបើកដំបូលផ្ទះប្រជាពលរដ្ឋមួយចំនួនប៉ើងរហូតចម្ងាយចាប់ពី៥០ម៉ែត្រទៅ៦០ម៉ែត្រក៏មានផងដែរ ។ ខ្យល់ក៏បានបក់បោកកួចដំបូលស័ង្កសីបុកចំបង្គោលខ្សែភ្លើងនៅចំណុចក្បែរធនាគារអេស៊ីលីដា សាខាស្រុកសំពៅលូន១កន្លែង បង្កផ្តាច់រន្តអគ្គិសនីទាំងស្រុងប៉ះពាល់ប្រជាពលរដ្ឋ៣ឃុំខាងលើគ្មានភ្លើងប្រើប្រាស់មួយយប់ ។

សូមរំលឹកថា ខេត្តបាត់ដំបង ជាលើកទី២នៅដើមឆ្នាំ២០១៩ ត្រូវគេមើលឃើញថាបានរងគ្រោះដោយខ្យល់កន្រា្តក់បង្កឲ្យខូចខាតផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ ។ នៅស្រុកកំរៀង ខេត្តបាត់ដំបងជាប់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ខ្យល់កន្ត្រាក់បានបង្កឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៣០ខ្នង និងដួលរលំរោងទីលានទិញដំឡូងមី១កន្លែងទាំងស្រុង ។ ខ្យល់កន្រ្តាក់នោះ បង្កឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ ៕ សំ វិច្ឆិកា

 


ចែករំលែក៖