ភ្នំពេញ ៖ កម្មការិនីរោងចក្រ កាត់ដេរសម្លៀកបំពាក់ អូរលីវ ជាច្រើននាក់ដួលសន្លប់ជាលើកទី២ ជាបន្តបន្ទាប់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗកាលពី វេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ប្រភពពីកម្មករបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ មានកម្មករសរុប ចំនួន២០១០នាក់ ប្រុស១៤៧ ហើយនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានកម្មករដួលសន្លប់ជាបន្តបន្ទាប់សរុបចំនួន៥១នាក់ ក្រោយពីមានភាយក្លិនម្យ៉ាងឈ្ងៀម ឈួលដូចប្រេងម៉ាសុីន ប្រើហើយ ទើបកម្មករសន្លប់សរុបចំនួន៥១នាក់ បញ្ជូនទៅគ្លីនិក ហ៊ាង មុន្នីវុធ ផ្លូវជាតិលេខ៣ គ្លីនិកមូលមិត្ត គ្លីនិកឡាំ ប៊ុនថន ។ លុះព្រឹកថ្ងៃទី២៥ ខែឆ្នាំដដែលខណៈកម្មករកម្មការិនីចូលវិញស្រាប់តែមានដួលសន្លប់ ជាបន្តបន្ទាប់ទៀតសរុប៨៦នាក់ថែមទៀតហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។
តាមសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក្រោយពីកើតហេតុការណ៍នៅរោងចក្រខាងលើ សង្ស័យមកពីផ្អើលនឹងក្លិន ប្រេងម៉ាសុីន ទើបស្រាវជ្រាវ តាមស្វែងរក ក្លិន ឃើញមានប្រេងម៉ាសុីន នៅយានដ្ឋាន រថយន្តមួយកន្លែង ជាប់នឹងរបងជ្រុងខាងត្បូងរោងចក្រ ។
បើតាមការបញ្ជាក់ពីលោក សាន ប៉ែត នាយប៉ុស្តិ៍ចោមចៅទី២ បានឲ្យដឹងថា ក្រោយពីមានការដួលសន្លប់ខាងក្រសួងការងារបានចុះទៅពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថា មិនមានក្លិនប៉ះពាល់អ្វីនោះទេ ដោយសារតែអារម្មណ៍ភ័យខ្លាចតែប៉ុណ្ណោះ។
ក្រោយពីកបញ្ជូនកម្មកររងគ្រោះទៅពេទ្យអស់ កម្មករនៅសល់ត្រូវបានក្រុមហ៊ុនអនុញ្ញាតឲ្យឈប់សម្រាក ការងារជាបណ្តោះអាសន្ន ៕សុខាសែនជ័យ