ខេត្តត្បូងឃ្មុំ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញសំណេះ សំណាល សាកសួរសុខទុក្ខ និង ជូនដំណើរបងប្អូន អ្នកកាន់សាសនិកឥស្លាម ដែលអញ្ចើញចូលរួមកម្មវិធីបិទអប់រំ ផ្សព្វផ្សាយ អ៊ិជទីម៉ាក ដែលមាន សមាជិកអ្នកកាន់សាសនាអ៊ីស្លាមចូលរួមប្រមាណ៥ម៉ឺននាក់ នៅភូមិទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ អ៊ិជទីម៉ាក ដែលជាកម្មវិធីជួបជុំសាសនិក ឥស្លាមទូទាំងពិភពលោកនៅឆ្នាំ២០១៩នេះបានប្រារព្ធឡើង រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៣ហើយបានបិទបញ្ចប់ប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានសាសនិកឥស្លាមប្រមាណជាង ៥ម៉ឺននាក់ មកពីគ្រប់ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសាសនិកឥស្លាមអន្តរជាតិ មកពីបណ្តាប្រទេសនានា ជជុំវិញពិភពលោកចូលរួម ផងដែរ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា លោកបានខិតខំកសាងសន្តិភាពធ្វើឱ្យប្រទេសជាតិមានសិទ្ធសេរីភាពដូច្នេះបងប្អូនសាសនិកឥស្លាមទាំងអស់មានសិទ្ធិគោរពតាមជំនឿសាសនាឬរាងៗខ្លួនជាក់ស្តែងថ្ងៃនេះបងប្អូនបានមកជួបជុំគ្នាធ្វើពិធីបុណ្យសាសនារបស់ខ្លួននៅខេត្តត្បូងឃ្មុំ ដោយមានសេរី ភាពនិងយុត្តិធម៌តាមជំនឿ រាងរាល់ឆ្នាំ ។
លោកបានបន្តថា៖ ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍អ៊ីស្លាម មាន ភាពកក់កក្ដៅនិង រីកចម្រើនជាបន្តបន្ទាប់ តាមគោលនយោ បាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាខណៈ កម្ពុជា ក៏មានបងប្អូនអ្នកកាន់សាសនាអ៊ីស្លាម ជាង៧០ ម៉ឺននាក់ បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោបាយល្អល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេសការបើកសិទ្ធិទូលំទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញាត្តអោយទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភានិងតាមអង្គភាពក្រសួងមន្ទីរនានាផងដែរ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជាក់ស្តែងជារៀងរាល់ឆ្នាំពិធីជួបជុំ អ៊ិជទីម៉ាក អ្នកកាន់សាសនាឥស្លាម
ដោយមានការចូលរួម ជនជាតិ និងអន្ដរជាតិរាប់ម៉ឺននាក់ គឺឃើញថាទាំងអស់នេះ ក៏ដោយសារកត្ដាសន្ដិភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង បើគ្មានសន្ដិភាពនិងការរីកចម្រើន ដែលត្រូវ ទទួលស្គាល់ ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិទេ ក៏ពិធីនេះ មិនមានលទ្ធភាពអាចទទួលមហាជន ជាតិ និងអន្ដរជាតិ រាប់ម៉ឺននាក់បែបនេះបានដែរ ។
ពិធីជួបជុំ អ៊ិជទីម៉ាក នេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ អប់រំពីធម៌វិន័យសាសនា ជំរុញគ្នាសាងអំពើល្អ និង ហាមឃាត់គ្នា សាងនូវអំពើ អាក្រក់នៅឆ្នាំ២០១៩ ដោយបានប្រារព្ធឡើងនៅថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ មានសាសនិកឥស្លាម ចូលរួមជាង១ម៉ឺននាក់ មកពីគ្រប់រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសាស និក ឥស្លាមអន្តរជាតិមកពីបណ្តាប្រទេសនានា ជុំវិញពិភពលោក ចូលរួម ផងដែរ។
សូមបញ្ជាក់ថា ៖ ពិធីអ៊ិជទីម៉ាក(ការជួបជុំស្តាប់ធម៌ឥស្លាម)បែបទ្រង់ទ្រាយធំនេះ បានចាប់ផ្តើមប្រារព្ធធ្វើឡើងចាប់តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលថ្ងៃចាប់ផ្តើមនេះ ក៏មានវត្តមានរបស់ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផងដែរ។ ពិធីបុណ្យ អ៊ិជទីម៉ាក ឆ្នាំមុន ត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅភូមិព្រៃពិស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដោយ មានសាសនិកឥស្លាមអញ្ជើញចូលរួមប្រមាណជាង៣ម៉ឺននាកផងដែរ ៕ សំរិត