ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូល្បឿនលឿន ទំនងស្រវឹងស្រា បុកគូថម៉ូតូបញ្ឈរចោល រងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣នាក់ បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូប្រើប្រាស់ល្បឿនលឿន និងស្រវឹងស្រាទៅបុក ម៉ូតូមន្ត្រីនគរបាល ដែលបញ្ឈរលើចិញ្ចើមផ្លូវពេញទំហឹងលាន់សូរប្រ៉ាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង៨ និង២៥នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៣១៤D​(ខាងលិចរង្វង់មូលក្រពើ) នៅចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍ ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលរងរបួសមានឈ្មោះ គង់ សារិត អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ និងអ្នករួមដំណើរឈ្មោះ រស់ សាឃន អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ និងឈ្មោះ​ រិន រ៉ានី អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំង៣ រស់នៅភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ចំណែកម៉ូតូដែលបញ្ឈរលើផ្លូវ ម៉ាកហុងដា C ១២៥ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ ស្វាយរៀង ២D ២៤៩៨ មានម្ចាស់ឈ្មោះ ញីវ លីដា ភេទស្រី អាយុ៤៣ឆ្នាំ ជាមន្ត្រីនគរបាលមានទីលំនៅភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា C ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១ CD ៣៥៥១ ដោយធ្វើដំណើរជាតិលេខ៣១៤D (ខាងលិចរង្វង់មូលក្រពើ) ពីលិចមកកើតប្រើប្រាស់ល្បឿនលឿន និងអការស្រវឹងស្រាផង ស្រាប់តែទៅបុកគូថម៉ូតូមួយគ្រឿង ដែលបញ្ឈរចោលលើផ្លូវពេញទំហឹងលាន់ ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្ន អ្នករងរបួសទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្បបង្អែកខេត្តស្វាយរៀង និងវាស់វែងព្រមទាំងអូសយកវត្ថុតាងមធ្យោបាយម៉ូតូទាំង២គ្រឿង មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំញរដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖