វៀតណាមបានប្តេជ្ញា រៀបចំកិច្ចប្រជុំកំពូលរវាងលោក ត្រាំ នឹងគីម ជុងអ៊ុន ដែលនេះជាឱកាសឲ្យវៀតណាមផ្សព្វផ្សាយ ពីភាពរុងរឿងរបស់ខ្លួន តាមរយៈអ្នកសារព័ត៌មានបរទេសជិត៣ពាន់នាក់ ដែលមកពីបណ្តាប្រទេសជុំវិញពិភពលោក នៅក្នុងប្រទេសវៀតណាម ។
ក្រុមមន្ត្រីសន្តិសុខ និងបុគ្គលិកយោធាក្នុងឯកសណ្ឋានជាច្រើន កំពុងឈរល្បាតក្បែរសណ្ឋាគារ Metropole Hotel ដែលត្រូវគេនិយាយថា ជាទីតាំងជំនួបដ៏សំខាន់សម្រាប់មេដឹកនាំទាំង២ ខណៈគេឃើញមានបុគ្គលិកកំពុងបំពាក់កាមេរ៉ាសុវត្ថិភាពនៅពាសពេញដងផ្លូវ។
ចំណែកមួយផ្នែកទៀតសន្តិសុខត្រូវបានរឹតបន្តឹងនៅព្រំដែនទីក្រុងដុងដាង របស់ប្រទេសវៀតណាម ជាទីដែលរថភ្លើងរបស់លោក Kim ត្រូវគេរំពឹងថា នឹងទៅដល់ ។ លោក Kim នឹងធ្វើដំណើរតាមរថយន្តចម្ងាយ ១៧០គីឡូម៉ែត្រទៅកាន់ទីក្រុងហាណូយ ។
នៅពេលនេះដែរ លោកគីម ជុអ៊ុន រថភ្លើងពាសដែក ដឹកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និង គណៈប្រតិភូ បានឆ្លងកាត់ទីក្រុងប៉េកាំង កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ដោយបន្តដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ចូលរួមជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ តែម្តង។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ក្រោយចាកចេញពីទីក្រុងព្យុងយ៉ាង នៅវេលាម៉ោង៥រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ហើយបានឆ្លងព្រំដែនប្រទេសចិន នៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃដដែល ។ នៅថ្ងៃទី ២៥ ខែកុម្ភៈនេះ សន្តិសុខនៅជុំវិញស្ថានីយរថភ្លើង ក្នុងទីក្រុង Tianjin ត្រូវបានយាមល្បាតយ៉ាងតឹងតែងបំផុត ។
មកទល់ពេលនេះ គេមិនទាន់ដឹងថា លោកគីម ជុងអ៊ុន និងគណៈប្រតិភូធ្វើដំណើរតាមរថភ្លើងទៅកាន់វៀតណាម ក្នុងចម្ងាយផ្លូវ ៤ពាន់គីឡូម៉ែត្រ ពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងហាណូយ ឬក៏ទៅដល់ខេត្ត Guangzhou ហើយបន្តធ្វើដំណើរតាមយន្តហោះ ។ ភាគីចិន ក៏មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញដំណើររបស់គីម ជុងអ៊ុននោះដែរ។
ជំនួបរវាងលោកគីមជុអ៊ុន នឹង លោកត្រាំ នៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ដូច្នេះ មេដឹកនាំទាំងពីរ នឹងទៅដល់វៀតណាម នៅរសៀល ឬយប់ថ្ងៃទី ២៦ ខែកុម្ភៈ ដូចដែលធ្លាប់ធ្វើនៅ សិង្ហបុរី៕