ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចជំនាញខេត្តកំពង់ធំ​យកលុយបានរាប់ម៉ឺនដុល្លារពីបទល្មើសនេសាទ

ចែករំលែក៖

ពួកអ្នករកស៊ី​ដាក់បទល្មើសនេសាទ​នៅក្នុងបឹងទន្លេសាប ដូចជាដាក់ឆ្នុក ដាក់អំពូលភ្លើង ក៏ដូចជារបាំង ណរ៉ាវ នៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង បានបង្ហើបថា ពួកគេបានចំណាយប្រាក់រាប់ម៉ឺនដុល្លារ​ឲ្យមន្ត្រី​ជំនាញរដ្ឋបាលជលផល និង​បរិស្ថាន ។ ប្រភពបានឲ្យដឹងថា សកម្មភាព​បទល្មើសនេសាទទាំងនេះ ​កើតមានយ៉ាងគំហុក ក្នុងរយៈពេល​ប៉ុន្មានថ្ងៃនេះ ដោយសារតែការឃុបឃិតជាប្រព័ន្ធពីសំណាក់​មន្ត្រីជំនាញរដ្ឋបាលជលផល និងបរិស្ថានខេត្តកំពង់ធំ ។ អាជ្ញាធរ និងថ្នាក់ដឹកនាំខេត្ត នៅតែបន្តធ្វើមិនដឹង​មិនឮចំពោះបញ្ហាបទល្មើសនេសាទនេះ បើទោះបីជា​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​បានព្រមាន​ច្រើនលើកច្រើនសារហើយក៏ដោយ ។

ប្រភពបានឲ្យដឹងថា លោក ហួន ផល នាយសង្កាត់ពាមបាង ស្ថិតក្នុងស្រុកស្ទោង បានដើរប្រមូលប្រាក់ពីប្រជានេសាទឆ្នុក បានលុយ​ប្រមាណ៣ម៉ឺនដុល្លារ និងទទួលបាន​២ម៉ឺនដុល្លារផ្សេងទៀត​ពីអ្នក​ប្រព្រឹត្តល្មើសរបាំង​ណរ៉ាវ និងយ៉ាំងកាវ ។ ក្រៅពីនោះ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ​ទទួលបាន១ម៉ឺនដុល្លារ ។ ចំណែក​មន្ត្រីប្រចាំស្នាក់ការ​នៅឃុំផាត់សណ្តាយ ទទួលបាន​៦៧លានរៀល ។ ប្រភពបានបន្ថែមថា ដោយសារការចែករំលែកជាប្រព័ន្ធបែបនេះ ទើបអ្នកនេសាទ​អាចបន្តសកម្មភាព​បានដោយសេរី ។ បើមិនដូច្នោះទេ មុខជាត្រូវ​សមត្ថកិច្ច​ខាងណេះ ឬខាងណោះ ដែលមិនទទួលបានលាភសក្ការចុះទៅចាប់បំផ្លាញកម្ទេច​ឧបករណ៍នេសាទល្មើសច្បាប់​ទាំងនោះជាមិនខានឡើយ ។ លោក ហួន ផល ត្រូវគេអះអាងថា ជាអ្នកដែលទទួលបានផលប្រយោជន៍ច្រើន​ជាងគេ ហើយក៏បានចែករំលែកប្រយោជន៍នោះឲ្យទៅលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំនោះផងដែរ ។

ប្រជានេសាទបានអះអាងថា ពួកគេបានប្រមូលលុយគ្នាដើម្បី​ជូនទៅជំនាញទាំងឡាយខាងលើនេះ​កុំឲ្យមករញ៉េរញ៉ៃកន្លែងប្រព្រឹត្តល្មើស​របស់ពួកគេ ។ ហេតុដូច្នេះហើយ​បានជាគេមិនដែលឃើញពួកមន្ត្រីជលផល ក៏ដូចជាខាងបរិស្ថាន​ចុះបង្ក្រាបបទល្មើសនេសាទ​ម្តងណាឡើយ ។ បទល្មើសនេសាទ​បានកើតឡើងព្រោងព្រាត មិនថារដូវបិទនេសាទ ឬរដូវបើកនេសាទនោះឡើយ ។ ជាក់ស្តែងពេលនេះ នៅពេលដែល​ទឹកបឹងទន្លេសាបកាន់តែរីងរាក់ បទល្មើសនេសាទ​កាន់តែកើតឡើងខ្លាំងជាងពេលណាៗទាំងអស់ ។ ប្រជាពលរដ្ឋ​ស្នើឲ្យ​អាជ្ញាធរខេត្តកំពង់ធំ ចាត់វិធានការបង្ក្រាបបទល្មើសនេសាទផង ពីព្រោះថា ពួកមន្ត្រីជំនាញ ដូចជារដ្ឋបាលជលផល និងបរិស្ថានជាដើម​នោះ ត្រូវរ៉ូវជាមួយអ្នកនេសាទល្មើសច្បាប់អស់ទៅហើយ ៕


ចែករំលែក៖