ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង កោះហៅ ម្ចាស់រថយន្តក្រឡុកស៊ីម៉ង់ត៍ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធមកប្រជុំរឿងបញ្ហាហាមរថយន្តធំចូលក្រុង នៅពេលថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការរិះគន់ជាច្រើនពីមហាជន រឿង អាជ្ញាធរបណ្ដោយឲ្យរថយន្ដធុនធំចូលក្រុងគ្មានសណ្ដាប់ធ្នាប់ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាញឹកញាប់នោះ លោកក៏បានកោះអញ្ជើញ អាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ នឹងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ នៅក្នុងរាជធានីភ្នំពេញទាំងអស់មកប្រជុំ ដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្ត ធំៗចេញ ចូលក្នុងរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញកំពុងប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃនេះ ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានី ។

ក្នុងកិច្ចប្រជុំនោះ លោកឃួងស្រេង បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ៖ ចំពោះរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទគឺចាប់ពីថ្ងៃនេះទៅ គឺមិនមានការអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាតចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់ ។ ដោយឡែកសម្រាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលត្រូវបំពេញការងាររបស់ខ្លួនស្របពេលដែលវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើន គឺរថយន្តប្រភេទនេះអាចអនុញ្ញាតិឲ្យចេញ ចូលក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលថ្ងៃបានដោយកំណត់ពេលវេលាច្បាស់លាស់ ។ លោក ឃួង ស្រេង បានណែនាំថា ចំពោះរថយន្តក្រឡុកស៊ីម៉ង់ អាចធ្វើចរាចរណ៍បាននៅម៉ោង ៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅក្នុងម៉ោងដែលកម្មករ បុគ្គលិក សិស្សានុសិស្សចេញពីសាលារៀន និងចេញពីបំពេញការងារ នោះគឺនៅម៉ោង១១ព្រឹក ម៉ោង២រសៀល និងម៉ោង៥ល្ងាចត្រូវផ្អាក់ការធ្វើចរាចរណ៍ ។

លោកឃួងស្រេង បានពន្យល់ថា៖ ពាក់ព័ន្ធនឹងរថយន្តក្រឡុកស៊ីម៉ង់ មិនអោយចូលក្នុងរាជធានីនៅ ពេលថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ អាចឃាត់មិនឲ្យចូលក្នុងរាជធានីភ្នំពេញបាន ប៉ុន្តែសំណួរសួរថា តើការធ្វើសកម្មភាពក្រឡុកស៊ីម៉ង់សាងសង់សំណង់ក្តុងក្តាំងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់ ប្រជាពលរដ្ឋដេកមិនបាននោះ ពួកគាត់ច្បាស់ជាមិនសុខចិត្តទេ ហើយនឹងធ្វើការថ្កោលទោសអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនសំណង់ក្រឡុកស៊ីម៉ង់ត៍ជាក់ជាមិនខានឡើយ ។ ដូច្នេះទេ យើងដាច់ខាតត្រូវតែមានជម្រើសមួយអោយបានច្បាស់លាស់នោះគឺ ការកំណត់ពេលវេលា និងម៉ោងច្បាស់លាស់ដើម្បីឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍អាចចេញ ចូលតាមពីម៉ោងកំណត់ដូចខាងលើនេះហើយ ។

លោកឃួង ស្រេង ក្នុងឱកាសនោះក៏បានជំរុញ ក៏ដូចជាណែនាំឲ្យ ម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ទាំងអស់ត្រូវតាមដាន និងត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ទាំងអស់ ចៀសវាងឲ្យបាននូវការប្រើប្រាស់គ្រឿងញៀន យើងត្រូវរួមគ្នា ឲ្យរាជធានីភ្នំពេញរបស់យើងមានសណ្ដាប់ធ្នាប់ល្អប្រសើរ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទគឺមិនអនុញ្ញាតិអោយចេញ ចូលរាជធានីភ្នំពេញជាដាច់ខាត ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង ៩យប់ ដូច្នេះទេអាជ្ញាធរនឹងមានសមត្ថកិច្ចតាមគោលដៅទាំងអស់ គឺត្រូវពិនិត្យចំពោះការចេញចូលរថយន្តធំយ៉ាងនេះ តែបើមានបញ្ហារថយន្តធំធ្លាយចូលក្រុងតាមគោលដៅណានោះ គោលដៅនោះគឺជាអ្នកទទួលខុសត្រូវចំពោះរដ្ឋរដ្ឋបាលរាជធានី ។

សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនោះ ខាងក្រុមហ៊ុន ឡុកស៊ីម៉ងទាំងអស់ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រនោះជុំ បានសម្រេច អនុវត្តតាមគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ៕ សំរិត


ចែករំលែក៖