ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា ។ ពិធីនេះក៏មានការចូលរួម ផងដែរពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជាសរុបប្រមាណ៤០រូប ។
លោក រដ្ឋមន្រ្តី បានលើកឡើងអំពីទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជាជាមួយសាធារណរដ្ឋ បារាំង ហើយជាពិសេសលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងធនធានទឹក និង ឧតុនិយម ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលក្នុងពេលកន្លង ក៏ដូចជាបច្ចុប្បន្ន គឺភាគីបារាំងពិសេសទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានជួយដល់ក្រសួងយ៉ាងច្រើនទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ផ្នែកឧតុនិយម និងការបណ្តុះបណ្តាលធនធានមនុស្ស ។ យោងលើស្នាដៃ និងសមិទ្ធផលទាំងអស់នេះហើយ ដែលព្រះករុណា
ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោក Philippe STEINMETZ តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រទេសបារាំងលោកស្រីបានបញ្ជាក់ថា ជាការពិតហើយដូចដែលលោក រដ្ឋមន្រ្តីបានលើកឡើងប្រទេសបារាំង និងកម្ពុជា គឺមានទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នា ដ៏យូរលង់ ហើយការទទួលនូវគ្រឿងឥស្សរិយយសរបស់លោក Philippe STEINMETZ នៅពេលនេះ គឺជាសក្ខីភាពមួយ ដែលបញ្ជាក់ថាកម្ពុជា និងបារាំងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្ថែមទៀត ។
លោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា បានសំដែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ដែលលោកមានកិត្តិយសបានទទួលនូវគ្រឿងឥស្សរិយយស
នៅពេលនេះ ហើយលោកក៏សូមថ្លែងនូវអំណរគុណ ចំពោះ លោករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសូមអរព្រះគុណចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់រូបលោកនៅពេលនេះ ហើយរូបលោកក្នុងនាមជានាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ជា ពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម៕

 

ដោយ៖ សុខ ខេមរា


ចែករំលែក៖