ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ បងប្អូនត្រូវនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្នុងសំណុំរឿងឃាតកម្មសម្លាប់ថៅកែរោងម៉ាស៊ីនកិនស្រូវ ។
តាមព័ត៌មានដែលទទួលបានករណីឃាតកម្មគិតទុកជាមុនខាងលើបានកើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចន្លោះពីម៉ោង១០ដល់១២ ថ្ងៃត្រង់ស្ថិត នៅចំណុច ព្រៃអាព្រហ្ម ក្នុងដីក្រុមហ៊ុនជាតិអភិវឌ្ឍ ក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះហាន សុថុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអពិលចាស់ ឃុំបន្ទាយអំពិលស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ មុខរបបបើករោងម៉ាស៊ីនកិនស្រូវ និងបើកឡានយកស្រូវតាមផ្ទះទៅកិន ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានស្រាវជ្រាវរហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបឈានដល់ការនាំខ្លួនជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះស៊ួត សុភាក់ ហៅភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២-ឈ្មោះស៊ួត សុផាត ភេទប្រុស អាយុ៣៧ឆ្នាំ ជាបងប្អូនបង្កើតរស់នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជាមួយគ្នា ដើម្បីធ្វើការសាកសួរ ។
យោងតាមចម្លើយសារភាពជនសង្ស័យទាំង២នាក់ ចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ដោយប្រើកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ ចំនួន២កាំបិត ត្រូវចំក និងត្រូវចំដៃបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបានយកកង់មុខគោយន្តកន្ត្រៃចំនួន០៤ និងកង់មុខត្រាក់ទ័រចំនួន០១ ដុតសពជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង ពិតប្រាកដមែន ។
ក្រោយការឃាតខ្លួនសាកសួរជនសង្ស័យទាំង២នាក់កំពុងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ទៅតុលាការ ៕សំ វិច្ឆិកា