ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នារងរបួសមនុស្សគៀបជាប់រថយន្តផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ បុកជាមួយរថយន្តដឹកទំនិញ យ៉ាងពេញទំហឹងលាន់ ដូចរន្ទះ បណ្ដាលឲ្យមនុស្សរងរបួសគៀបជាប់ក្នុងកាប៊ិនរថយន្តបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ ៣១៤C ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសដែលរងរបួសមានឈ្មោះទេព សំអាត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈបើករថយន្ដម៉ាកកូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញមានរថយន្ដកូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅ ពីទិសខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវកោង ក៏មានរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣B-១២៣១ បើកបរមិនត្រូវបានស្គាល់ឈ្មោះក្នុងទិសដៅពីជើងទៅត្បូង ក៏បណ្តាលឲ្យបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យគៀបជាប់តៃកុងរថយន្តកូរ៉េបង្កការភ្ញាក់ផ្អើលតែម្តង ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ បានចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ច មូលដ្ឋានបានជួយគាស់យកអ្នកបើកបររថយន្តកូរ៉េចេញ ដោយអ្នកបើកបររថយន្តកូរ៉េនោះរងរបួស រយះជើងសងខាង ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំពោះមធ្យោបាយរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ ខេត្តស្វាយរៀងដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖