ព័ត៌មានទាន់ហេតុការណ៍៖

ឆេះទៀតហើយ ចម្ការអំពៅក្រុមហ៊ុន កុយ សារ៉េន អស់១៤ហិកតា សង្ស័យមានអ្នកលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាកម្មករបាននាំគ្នាប្រញាប់ប្រញាល ជួយពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ បន្ទាប់ពីមានផ្សែងហុយចេញពី ចម្ការអំពៅរបស់ក្រុមហ៊ុនកុយសារ៉េន សង្ស័យមានមនុស្សមានបំណងមិនល្អ លួចដុត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរិទ្ធីស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប វេលាម៉ោង១១ និង៥២នាទីព្រឹក រហូតដល់ម៉ោង១រសៀល ទើបគ្រប់គ្រងស្ថានការណ៍បាន ។

ពាក់ពន្ធ័ នឹងករណីនេះ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ចម្ការអំពៅដែលសង្ស័យគេលួចដុតជារបស់ក្រុមហ៊ុនលោក កុយ សារ៉េន ខណៈរយះពេលជិត២ម៉ោងគ្រប់គ្រងស្ថានការណ៍បាន ដោយចម្ការអំពៅដែលរងការខូចខាត អស់ប្រមាណ១៤ហិតតា ។

ប្រភពបន្តថា ចម្ការអំពៅរបស់ក្រុមហ៊ុនលោក កុយ សារ៉េន គឺត្រូវបានឆេះជាច្រើនលើកច្រើនសារមកហើយ ក្នុងរយះពេលដើមឆ្នាំ២០១៩នេះ ដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងទី១ សង្ស័យមានអ្នកជក់បារីចោលកន្ទុយបារី ខ្វះប្រុងប្រយត្ន័ ខណៈខែនេះអាកាសធាតុក្ដៅផង បណ្ដាលឲ្យឆាបឆេះបែបនេះ ។ ទី២ប្រហែលជាមានជនសង្ស័យមានបំណងមិនល្អ ទៅលើក្រុមហ៊ុនបានលួចដុត ប៉ុន្តែយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខជនសង្ស័យមកផ្ដន្ទាទោសឲ្យខាងតែបាន ។

ពាក់ពន្ធ័ នឹងករណីនេះ ម្ចាស់ក្រុមហ៊ុនចម្ការអំពៅ ក៏បានត្អូញត្អែរផងដែរ ខណៈចម្ការអំពៅគាត់ត្រូវរងការឆាបឆេះ ជាច្រើនលើកមកហើយ ដោយមិនដឹងឆេះមកពីមូលហេតុអ្វីពិតប្រាកដ ព្រោះការខូចខាតទាំងនេះ អាចធ្វើឲ្យខាងក្រុមហ៊ុនរងការខាតបង់ និងឈានទៅរកការក្ស័យធុនផងដែរ ៕ យឹម សុថាន


ចែករំលែក៖