ភ្នំពេញ៖ ទើបនឹងលេចចេញការរិះគន់ខ្លាំងៗទៅលើបទចម្រៀងថ្មីរបស់តារាចម្រៀង នាយចឺម នោះស្រាប់តែពេលនេះគ្រួសារសពកវីគង្គ ប៊ុនឈឿន ព្រមានផ្តឹងផលិតកម្មសាន់ដេ និងតារាចម្រៀងខាងលើពីបទរំលោភកម្មសិទ្ធិបញ្ញា ។
នាយ ចឺម ទើបនឹងបញ្ចេញបទចម្រៀងថ្មីចំណងជើងថា អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា ដែលគេស្គាល់ថាបានច្នៃបទចម្រៀងមរតកដើមនិពន្ធដោយ លោក គង្គ ប៊ុនឈឿន និងជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា មានចំណងជើងថា នឹកភូមិភ្នំធំ ប៉ុន្តែក្រោយកែទំនុកច្រៀង និងសាច់ភ្លេចខ្លះៗបានធ្វើឲ្យផលិតកម្មមិនបានរក្សាឈ្មោះជាបទចម្រៀងមរតកដើមដោយ ដាក់ឈ្មោះអ្នកនិពន្ធបទចម្រៀងថ្មីដោយមិនដាក់ឈ្មោះជាមរតកដើមនោះ ។
កូនប្រសារប្រុសរបស់លោក គង្គ ប៊ុនឈឿន គឺ លោក មុត ថារី ដែលគេស្គាល់ថាជាអ្នកដឹកនាំភាពយន្តល្បីឈ្មោះនោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នាយចឺម បានយកបទចម្រៀងខាងលើទៅច្រៀងស្រែកឡូឡា កាឡៃស្នាដៃដើម និងធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ លោកថាការយកបទមរតកដើមទៅច្រៀងគឺជាការប្រមាថរួចទៅហើយ ហើយកាន់តែតែមិនទំនងគឺក្រោយពេលបញ្ចេញបទចម្រៀងមិនឃើញមានអ្នកដាក់ឈ្មោះអ្នកនិពន្ធពិតប្រាកដផងដែរ ។
លោកថា ផលិតកម្មគួរមានឧត្តមគតិ និងការគោរពដល់ម្ចាស់ស្នាដៃមិនគួរយកទៅផលិតផ្សព្វផ្សាយដូចនេះទេ ។ លោកចាត់ទុកការកាឡៃ គឺជាការមិនគោរព និងជាការបំផ្លាញនិងប្រមាថស្នាដៃសិល្បករជំនាន់មុន ។ លោកស្នើឲ្យផលិតកម្មលុបបទចម្រៀងមួយនេះចេញ មុនពេលដែលក្រុមគ្រួសារលោកសម្រេចចិត្តប្តឹងជាផ្លូវការ ។ លោកសង្កត់ធ្ងន់ដែរថា ក្រសួងពាក់ព័ន្ធពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគួរហៅផលិតករ សិល្បករមកធ្វើការណែនាំ និងបញ្ចប់ការលួចចម្លងដោយមិនគោរពម្ចាស់ស្នាដៃបែបនេះ ដែលមិនចាំបាច់ដល់ថ្នាក់គ្រួសារលោកធ្វើការប្រតិកម្មនោះទេ ។
លោកបញ្ជាក់ដែរថា ក្រុមគ្រួសារ និងក្រុមការងារដែលស្រលាញ់ស្នាដៃសិល្បករជំនាន់មុននោះបានរៀបចំភស្តុតាងមួយចំនួនរួចហើយដើម្បីត្រៀមប្តឹង ។ លោកបញ្ជាក់ដែរថា លោក និងក្រុមគ្រួសារពិតជាមិនចង់មានរឿងវែងឆ្ងាយទេ គឺលោកគ្រាន់តែស្នើឲ្យមានការលុប់ចេញ និងគោរពទៅម្ចាស់ស្នាដៃតែប៉ុណ្ណោះ ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយពីសំណាក់ តារាកំប្លែងនាយ ចឺម និងផលិតកម្មសាន់ដេបាននៅឡើយដែរ ។ ទោះជាយ៉ាងណាលោកមុត ថារីបញ្ជាក់ចុងក្រោយថាការបញ្ជាក់នេះគឺចង់បញ្ចេញសារទៅដល់ផលិតករ និងសិល្បករថា បើយកបទភ្លេងឬទំនុកច្រៀងនៃមរតកដើមមកធ្វើអាជីវកម្ម ត្រូវតែប្រាប់ ឬសរសេរឈ្មោះអ្នកនិពន្ធផង អស់លោកមិនថោកទាបទេដែលប្រាប់ឈ្មោះម្ចាស់ដើមគេ ហើយលោកក៏មិនថ្លៃថ្នូរមានកិត្តិយសស្អីដែរ នៅពេលដែលលួចស្នាដៃគេថាជារបស់ខ្លួន ៕ វឌ្ឍនា