ព័ត៌មានទាន់ហេតុការណ៍៖

យូរី កក្រើកបទញាក់បីឆ្នាំជាប់គ្នា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា យូរី ហាក់មិនខ្វល់ខ្វាយ នឹងរឿងផ្លាស់ប្តូផលិតកម្មច្រៀងដូចតារាចម្រៀងដទៃទេ ដែលគេដឹងថា ព្រោះតែប្រជាប្រិយភាពរបស់នាងនៅតែរក្សាបានលំដាប់ជួរមុខមួយ ។ បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ថ្មីៗរបស់នាង ផ្ទុះចេញការគាំទ្រ៣ឆ្នាំជាប់ៗគ្នា ។

យូរី ទទួលបានការគាំទ្រច្រើនពីក្រុមយុវវ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺក្រោយពីនាងបញ្ចេញបទចម្រៀងថ្មីៗមួយចំនួន ចាក់ចំបេះដូងអ្នកគាំទ្រ ពិសេសបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ។ ចាប់ពីដើមឆ្នាំ២០១៧មក តារាស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រក្នុងស្រុកសប្បាយរីករាយខ្លាំងជាមួយបទ ចាក់ទឹកដូង បទ នំប៉័ងប៉ាតេ និងបទ ក្បាច់ទា ខណៈដែលបទនេះក៏ត្រូវបានអ្នកគាំទ្រនៅក្រៅស្រុកយកទៅរាំយ៉ាងព្រោងព្រាតផងដែរ។

ដើមឆ្នាំ២០១៨ វិញតារាស្រីរូបនេះ ក៏ទទួលបានការគាំទ្រកាន់តែខ្លាំងនឹងបទចម្រៀង “រាំស្កុប” និងបទ សុំលេងផង ។ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តតារាស្រីរូបនេះនៅតែបន្តបញ្ចេញបទចម្រៀងសម្រិតសម្រាំងសម្រាប់អ្នកគាំទ្ររបស់នាងគឺបទ អ៊ូមវ៉ាក់អើ និងបទ រាំទយ ។

តារាស្រីវ័យក្មេងរូបនេះបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងពិតជាអរគុណសម្រាប់ពុកម៉ែបងប្អូនដែលគាំទ្ររាល់បទចម្រៀងរបស់នាង ដែលជាកម្លាំងចិត្តសម្រាប់នាងបញ្ចេញបទថ្មីបន្តបន្ទាប់។

នាងរំពឹងថា បទចម្រៀងថ្មីនេះ នឹងជួយបង្កើនបរិយាកាសរីករាយបន្ថែមទៀតសម្រាប់ឱកាសជួបជុំគ្នានៅគ្រប់ទិសទី ។

តារាស្រីរូបនេះបញ្ជាក់ថាដែរថា សម្រាប់ឆ្នាំថ្មីនេះនាងក៏ទទួលបានគម្រោងការងារថ្មីៗជាបន្តបន្ទាប់ទៀតជាច្រើន ហើយនាង និងដៃគូ លោក Bemo រួមទាំងក្រុមរាំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរកអ្វីដែលថ្មីប្លែកដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំទ្រ ៕ វឌ្ឍនា


ចែករំលែក៖