ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក សេង ឈួន មើលស្ថានីយថ្លឹងរថយន្ត​លើផ្លូវជាតិលេខ៨ ស្រុកពារាំងផង

ចែករំលែក៖

ក្រុមអ្នករកស៊ីដឹកទំនិញកសិផល ឆ្លងកាត់ផ្លូវជាតិលេខ៨ ចំណុចភូមិ-ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង​បានខ្សឹបខ្សៀវ​ថា ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីង​ថ្លឹងរថយន្តនៅចំណុចខាងលើ​ តែងតែគាបយកលុយ​ពីពួកគាត់ដោយគ្មានញញើតញញើម​បើទោះបីជា​រថយន្តទាំងនោះ​មិនលើសទម្ងន់ក៏ដោយ ដោយអះអាងថា សុំបាយ ទឹកខ្លះ ។ ជួនកាល​ក៏មានរថយន្ត​ខ្លះដឹកលើសទម្ងន់បន្តិចបន្តួច​ដែរ ដូច្នេះ អ្នករកស៊ីដឹកជញ្ជូនតែងតែផ្តល់សេវា​ឲ្យមន្ត្រីដែលប្រចាំការ​នៅទីនេះ ដើម្បី​ជាការយោគយល់គ្នា កុំឲ្យថ្ងៃក្រោយ ពេលដឹកទំនិញលើស​ទម្ងន់ ខ្លាចពួកមន្ត្រីទាំងនោះគាបស៊ីឆៅៗ ។

ប្រភពបានឲ្យដឹងថា ដោយសារតែមានការ​ឃុបឃិត​ពី​លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តព្រៃវែងផង ទើប​ពួក​មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៨ តែងតែធ្វើសកម្មភាពល្មើសច្បាប់ជាច្រើន ជាពិសេស​គឺ​យកលុយពីរថយន្ត​ដឹកទំនិញ ទាំងលើសទម្ងន់ និងមិនលើស​ទម្ងន់ ដោយមិនយោគយល់ ។ ប្រភពបានបន្តទៀតថា ឈ្មួញមួយចំនួន​បាន​ប្រើរថយន្តធុនធំ​តទ្រុង ឬសណ្តោងកន្ទុយ រ៉ឺម៉ក​ផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ ស្ថានីយថ្លឹងរថយន្ត​ផ្លូវជាតិលេខ៨បានយ៉ាងរលូន ឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយឲ្យពួកមន្ត្រី​ដែលប្រចាំការនៅស្ថានីយខាងលើ ។

កំណាត់ផ្លូវជាតិលេខ៨ ត្រូវគេមើលឃើញថា​បានរងនូវការខូចខាត​ដោយអន្លើ ព្រោះតែរថយន្តដឹកលើសទម្ងន់ ។ យ៉ាងណាក៏ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង​មិនដែលខ្វល់ចំពោះបញ្ហានេះទេ ។ ការចេះតែបណ្តែតបណ្តោយស្ងាត់ស្ងៀមជាហូរហែ របស់ប្រធានមន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង នាំឲ្យប្រជាពលរដ្ឋ ជាពិសេស ក្រុមអ្នករកស៊ីដឹកទំនិញសង្ស័យថា ជាការឃុបឃិត​គ្នារវាង​មន្ត្រីប្រចាំ​ការនៅស្ថានីយខាងលើនេះ ជាមួយប្រធានមន្ទីរសាធារណការ ខេត្តព្រៃវែង ។ ដូច្នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន​គួរចាត់មន្ត្រី​ទៅអង្គុយមើលមួយថ្ងៃថា តើមានរថយន្ត​ដឹកទំនិញចូលបង់ប្រាក់ឲ្យមន្ត្រីនៅស្ថានីយខាងលើ​នេះដែរឬទេ? ៕


ចែករំលែក៖