លេចតម្រុយហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក នោះគឺការដែលមានស្ត្រីខ្មែរឈរស្លៀកសារុង អមដោយយុវជនខ្មែរ ស្លៀកខោខូវប៊យ រាំក្នុងបឹងឈូកគឺជាគំនិតផ្តួចផ្តើមរបស់អ្នកវប្បធម៌ អ៊ឹម ជីវ៉ា ។ នៅលើបណ្តាញសង្គមដែលចែករំលែកតគ្នា លោកបានឆ្លើយតបថា «វាជាភាពអាម៉ាស់បំផុត ដែលខ្មែរខ្លួនឯង មិនយល់ស្គាល់ពីវប្បធម៌ខ្លួនឯង» ។ ក្នុងនាមមិត្តអ្នកអានម្នាក់ ខ្ញុំមិនដឹងថា លោក អ៊ឹម ជីវ៉ា មានកម្រិតចំណេះដឹងជ្រៅជ្រះខាងវប្បធម៌ អក្សរសាស្ត្រជាតិជម្រៅណានោះទេ ។ ប៉ុន្តែអ្វីដែលខ្ញុំបាទបានឃើញ មើលទៅវាគ្រាន់តែទាស់ភ្នែកសម្រាប់មហាជនខ្មែរតែប៉ុណ្ណោះ ។ លើសនេះទៅទៀត បើនិយាយអំពី «សារុង» និង«ខោខូវប៊យ» មិនដឹងថា តើលោក អ៊ឹម ជីវ៉ា យល់ត្រូវក្នុងកម្រិតណានោះទេ?
«សារុង» នៅក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ្យ ជួន ណាត មានន័យថា សំពត់អំបោះ ឬសូត្រ ត្បាញជាក្រឡាឆ្លាស់ពណ៌ ឬធ្វើជាផ្កា ជាគំនូរ រំលេចពណ៌សម្រាប់ភ្ញើញ ស្លៀកសម្លុយ, ជាសម្លៀករបស់ចាម ជ្វា ជាដើម ។ សារុងអំបោះ, សារុងសូត្រ ។
សារុងដែលខ្មែរប្រើ មានពីរប្រភេទ គឺសារុងស្រី, សារុងប្រុស, សារុងសម្រាប់ស្រីៗ សុទ្ធតែមកពីបរទេស… ។ រីឯខោខូវប៊យ មិនមាននៅក្នុងវចនានុក្រមខ្មែរឡើយ ។ ដូច្នេះ ខោខូវប៊យ វាជារបស់បរទេសសុទ្ធសាធ… ។ តើត្រង់ណាដែលថា សម្លៀកបំពាក់ទាំងពីរនេះជារបស់ខ្មែរ? ឯណាទៅ វប្បធម៌ខ្មែរ…? តើនេះជាការយល់ដឹងជ្រៅជ្រះអំពីវប្បធម៌ខ្មែររបស់លោក អ៊ឹម ជីវ៉ា ឬយ៉ាងណា? គួរតែទទួលយកការរិះគន់ដើម្បីស្ថាបនា ប្រសិនបើខ្លួនគ្មានសមត្ថភាព ឬចំណេះដឹងរាក់ៗ ។
ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំបាទគ្មានចំណេះដឹងវប្បធម៌ជ្រៅប្រហែលលោក អ៊ឹម ជីវ៉ា នោះទេ ប៉ុន្តែអ្វីដែលបានឃើញ វាគ្រាន់តែជាការទាស់ភ្នែកតែប៉ុណ្ណោះ ។ មហាជនជាច្រើន មើលឃើញថា រូបភាពដែលបានចែករំលែកតៗគ្នានោះ វាហាក់ដូចជាបានធ្វើឲ្យវប្បធម៌ខ្មែរត្រូវបានគេគៃបន្លំ ឬកេងចំណេញ ក្នុងផលប្រយោជន៍បុគ្គល ហើយមិនតែប៉ុណ្ណោះ វប្បធម៌ជ្រៅជ្រះរបស់លោកអ៊ឹម ជីវ៉ា គឺបានធ្វើឲ្យវប្បធម៌ខ្មែរប្រែពណ៌ស្រអាប់ ។ ក្នុងភាពមិនច្បាស់លាស់ វាអាចធ្វើឲ្យមានការយល់ច្រឡំអំពីបញ្ហាសម្លៀកបំពាក់នេះ ។ ពិតហើយ សារុង មិនមែនជារបស់ខ្មែរ ប៉ុន្តែខ្មែរអាចស្លៀក ងួតទឹកតាមបឹងទន្លេបាន ។ មិនមែនស្លៀករាំច្រៀងក្នុងបឹងឈូកបែបនេះទេ ។ នេះគ្រាន់តែជាគំនិតតូចមួយ ដែលខ្ញុំបាទចង់ប្រាប់ថា សារុង ឬខោខូវប៊ូយ មិនមែនជារបស់ខ្មែរនោះឡើយ ៕ ប្រជាពលរដ្ឋម្នាក់