ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់យ៉ាងច្បាស់ជាមួយ សមាគមរោងចក្រ កាត់ដេរនៅកម្ពុជា (GMAC) និងសហគ្រាស ចាប់ពីពេលនេះតទៅ ការផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឲ្យវិស័យកាត់ដេរទាំងអស់ ក្នុងរាជធានីភ្នំពេញ មិនមានធ្វើការផ្លាស់ប្ដូរទេ តែបើរោងចក្របើកថ្មី សហគ្រាស ឃ្លាំងស្ដុកទំនិញ ធំៗ តម្រូវឲ្យទៅនៅជាយក្រុង ។ លោកបានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំជាមួយតំណាងសហគ្រាស រោងចក្រ និងឃ្លាំងស្ដុកទំនិញ កាលពីរសៀលថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៩ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ ពុំមានវិធានការឲ្យរើរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឲ្យវិស័យកាត់ដេរទាំងអស់ដែលមានស្រាប់ ទៅទីតាំងជាយក្រុងឡើយ ដោយត្រូវបន្តចង្វាក់ផលិតកម្មនៅលើទីតាំងបច្ចុប្បន្ននេះជារៀងរហូត ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ឲ្យជួយចលនាដល់វិនិយោគិន ដែលមាន បំណងបង្កើតរោងចក្រថ្មី ទៅសាងសង់នៅតំបន់ជាយក្រុង ឬនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីការពិភាក្សាគ្នារួចមក ភាគីទាំងពីរបានឯកភាពដូចខាង ក្រោម៖ ១៖ បង្កើតក្រុមការងាររួមមួយ ដែលមានសមាសភាពខាង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ដើម្បីប្រជុំកំណត់ប្រភេទ និងទំហំរថយន្តដឹកទំនិញធុនធ្ងន់ចេញ-ចូលរាជធានីភ្នំពេញ តម្រាយផ្លូវហាមឃាត់ និងកំណត់ពេលវេលាម៉ោងចេញ-ចូល សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ ២៖ ក្រុមការងាររួមនេះ នឹងធ្វើការប្រជុំរៀងរាល់មួយខែម្តង ឬបីខែម្តងតាមការចាំបាច់ ដើម្បីពិភាក្សារកដំណោះស្រាយ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ និងដោះស្រាយ បញ្ហាកង្វល់របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៣៖ ចំពោះការ សាងសង់រោងចក្រ ដែលមានក្រឡាផ្ទៃក្រោម៣,០០០ ម៉ែត្រក្រឡា(បីពាន់ម៉ែត្រការ៉េ)រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយសម្រួលបែបបទ តាមសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី ភ្នំពេញ សំដៅជួយកាត់បន្ថយពេលវេលា ដើម្បីឆាប់បានដំណើរការសាងសង់ ៕ សំរិត