ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីរថយន្តស៊េរីទំនើបម៉ាកហ្វ័តRANGER មួយគ្រឿង បានបើកជ្រុលបុករថយន្តហាយឡែនឌ័រមួយគ្រឿង រួចមិនទាន់អស់ល្បឿនក៏ជ្រុលឡើងចិញ្ចើមផ្លូវទៅបុកទំលុះចូលផ្ទះវីឡាឧកញ៉ាម្នាក់ បណ្តាលឲ្យបាក់បង្គោលរបងថ្មនិងដែកប៉ើងចេញ ធ្វើឲ្យរថយន្តបង្កគៀបជាប់ទៅមុខលែងរួច ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះវីឡាមួយកន្លែង តាមផ្លូវលេខ៣៤៨អា ក្នុងបុរីវិមានភ្នំពេញ នៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
រថយន្តបង្កម៉ាកហ្វ័ត RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BC.0919 បើកបរដោយឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុសអាយុ៤៣ឆ្នាំ មានលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែករថយន្តរងគ្រោះ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AW.6231 បើកបរដោយជនជាតិចិនឈ្មោះ យិន ហ្វូជិញ ភេទប្រុសអាយុ៣៧ឆ្នាំ មានលំនៅក្នុងបុរីកើតហេតុខាងលើ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហ្វ័តRANGER បានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកចំក្បាលរថយន្តម៉ាកហាយឡែនឌ័រ កំពុងបើកចេញពីខាងត្បូង បណ្តាលឲ្យរថយន្តរងគ្រោះខូចខាតផ្នែកខាងមុខ ។ចំណែកឯរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅស្តាំដៃ បុកឡើងសួនច្បារ និងបុករបងផ្ទះវីឡាលោកឧកញ៉ាម្នាក់ បណ្តាលឲ្យបាក់បង្គោលរបងថ្ម និង របងដែកប៉ើងចេញខូចខាតយ៉ាងដំណំ ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដោយភាគីពាក់ព័ន្ធសម្របសម្រួល ប៉ុន្តែមិនត្រូវគ្នា ទើបសមត្ថកិច្ចទាក់ទងខាងផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយពេលក្រោយ ៕អារុណរះ