ខេត្តស្ទឹងត្រែង៖ លោកជា ថាវរឹទ្ធ អភិបាលរងខេត្ត លោកស្នងការរងទទួលបន្ទុកចរាចរណ៍ លោកមេប៉េអឹមរងខេត្ត និងលោកប្រធានមន្ទីរសាធារណការខេត្ត អញ្ជើញ ចុះចែកមួកសុវត្ថិភាព ជូនពលរដ្ឋ និងមន្ត្រីរាជការ សិស្សានុសិស្ស ក្នុងខេត្តដោយឥតគិតថ្លៃ កម្មវិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ នឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង ៨.០០នាទី ព្រឹក ឋិតនៅមុខមន្ទីរវប្បធម៌ វិចិត្រសិល្បៈខេត្ត ក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
លោក សរ គឹមណាត បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានថាៈ ក្នុងការចែកមួកសុវត្ថិភាពជូនបងប្អូន មិនរើសមុខ មិនប្រកាន់ពូជន៍សាសន៍ ពណ៌សម្បុរ និងចែកជូនទាំងមន្ត្រី រាជការទាំងអស់ក្នុងខេត្ត គោលបំណងដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ ដល់ពួកគាត់ វាអាចការពារក្បាលយើងបាន នៅពេលគ្រោះថ្នាក់ណាមួយ ហើយ និងណែនាំដល់ពួកគាត់បើកបរ ត្រូវពាក់មួក សុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាទៅតាមគោលការណ៍ថ្នាក់លើ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកតែងតែគិតគូរដល់អាយុជីវិត បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា អាយុជីវិតបងប្អូន និងគ្រួសារបងប្អូនផងដែរ ។
លោកបន្តទៀតថា មួកសុវត្ថិភាពនេះ ទាំងអស់មានចំនួន២០០មួក ក្នុងនោះ មានមួក កុមារតូចៗ៦០ មួកមនុស្សធំ១៤០ ។ ការចែកមួកនេះជាលើកទី៤ហើយ ដែលជាអំណោយរបស់ក្រសួង តម្រូវឲ្យមន្ទីរសាធារណការខេត្ត ចែកជូនដោយឥតគិតថ្លៃ ដល់បងប្អូន រួមនឹងសៀវភៅណែនាំច្បាប់ចរាចរណ៍ផងដែរ ។
ក្នុងនោះផងដែរ លោកអូត ស៊ីវុត្ថា ស្នងការរងខេត្តទទួលបន្ទុកចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ក្នុងការចែកមួកនេះផងដែរ គឺគោលបំណងឲ្យបងប្អូន ប្រជាពលរដ្ឋក្នុងខេត្ត ទាំងអស់ ទាំងចាស់ ទាំងក្មេង ទាំងអ្នកមាន អ្នកក្រ ទាំងអ្នកតូច ទាំងអ្នកធំ ឲ្យចេះការពារអាយុជីវិតខ្លួនឯង គ្រោះថ្នាក់មើលមិនឃើញ សេចក្តីស្លាប់ ក៏មិនអាចកំណត់បានដែរ។
លោកក៏សូមអង្វរយ៉ាងទទូចដល់បងប្អូនទាំងអស់ ក្នុងការបើកបរម៉ូតូ ត្រូវពាក់មួក ដាក់ខ្សែមួកឲ្យបានត្រឹមត្រូវ បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ ហើយក៏សូមឲ្យបងប្អូននាំគ្នា គោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ជាពិសេស បើកបរកុំពិសាគ្រឿងស្រវឹង បើស្រវឹង កុំបើកបរចៀសវាងបាត់បង់ម្ចាស់ការ ហើយមួយទៀត ត្រូវស្លាល់នូវស្លាកសញ្ញានីមួយៗឲ្យបានច្បាស់លាស់ ហើយក្នុងពេលបើកបរ ត្រូវចេះអធ្យាស្រ័យគ្នា ចេះផ្តល់អាទិភាពឲ្យគ្នានឹងគ្នា មិនជែងស្តាំ និងមិនប្រជែងគ្នា ទើបអាចកាត់បន្ថយនូវគ្រោះថ្នាក់ដល់ខ្លួនឯងបាន។ ម្យ៉ាងវិញទៀត ពេលបងប្អូនបើកបរមិនគោរពច្បាប់ មិនបានពាក់មួក និងបើកបររថយន្តមិនបានពាក់ខ្សែក្រវាត់ ឲ្យបានត្រឹមត្រូវទេ ត្រូវស្តាប់ការណែនាំ របស់នគរបាលចរាចរណ៍ នៅតាមគោលដៅនីមួយៗ ដែលពួកគាត់នៅអនុវត្តច្បាប់ និងចាំណែនាំអំពីច្បាប់ចរាចរណ៍ ក៏ដូចឲ្យបងប្អូនយល់ដឹងក្នុងការបើកបរ និងបង្ហាញអំពីស្លាក់សញ្ញានីមួយៗដល់បងប្អូនក្នុងការបើកបរ ៕ មាស សុផាត