ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធំមួយគ្រឿងបុករះប៉ះរថយន្តចំនួន៤គ្រឿង រួចជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១២.00នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចមុខកំពង់ផែក្រុងព្រះសីហនុ មានរថយន្តធំមួយគ្រឿងបុករះប៉ះរថយន្តចំនួន៤គ្រឿង រួចជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ។

ក្រោយកើតហេតុ យុវជនវយ័ក្មេងមួយរូប ជាអ្នកបើកបររថយន្តធំដែលបង្កហេតុ ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួននាំយកទៅសាកសួរដោះស្រាយតាមផ្លូវច្បាប់ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា ក្រៅពីរថយន្តរងការខូចខាតមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។

ករណីនេះ បើតាមលោកឧត្តមសេនីយ៍ត្រីអុី សុខាស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា ដើមហេតុបណ្តាលមកពីរថយន្តដឹកទំនិញបង្កហេតុនេះបែកកង់ ក៏រេ ចង្កូតបុករះប៉ះទៅលើរថយន្តផ្សេងទៀត និងបុកចូលទៅដល់មុខផ្ទះប្រជាពលរដ្ឋនៅជាប់ផ្លូវ ។

យោងតាមរបាយការណ៍អង្កេតពីនគរបាលចរាចរណ៍បញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្តដឹកទំនិញ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ3D-5731 បើកបរដោយឈ្មោះ សៀម ប៊ុនសៅ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានទិសដៅចូលព្រះសីហនុ លុះដល់ចំណុចខាងលើរថយន្តបែកកង់ជ្រុលចង្កូតមកខាងឆ្វេងដៃបុកប៉ះ នឹងរថយន្តចំនួន ០៤គ្រឿងដែលឈប់ចតនៅជាយផ្លូវ ។

ប្រភពបន្តថា រថយន្តទាំង៤គ្រឿងនោះ៖ ១-រថយន្តម៉ាក HIGHLANDED ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ2AM-6115 និង រថយន្តកូរ៉េម៉ាក HYUNDAI ពណ៌ ខៀវ គ្មានស្លាក លេខ ម្ចាស់តែមួយ ។ ២-រថយន្តម៉ាក TUNDRA ពណ៌ ក្រហម ពាក់ស្លាក លេខភ្នំពេញ2AV-8247 ។ ៣-រថយន្តម៉ាក HIGHLANDED ពណ៌ បៃតង ពាក់ស្លាកលេខភ្នំពេញ3E-6481 ហើយថា ករណីនេះសមត្ថកិច្ចដោះស្រាយតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖