ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញកាំកុងត្រូល ដកហូតកម្ទេចមីហាមឃាត់ជាង១០០កញ្ចប់ ពីអ្នកលក់ ដែលធ្វើឲ្យប៉ះពាល់សុខភាពកុមារ និងចុះណែនាំអាជីវករ

ចែករំលែក៖

ប៉ោយប៉ែត៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តដកហូតកម្ទេចមីហាមឃាត់ជាង១០០កញ្ចប់ ដែលធ្វើឲ្យប៉ះសុខភាពកុមារ រួមទាំងចុះណែនាំអាជីវករ និងពិនិត្យរកទំនិញខូចគុណភាព នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការចុះណែនាំអាជីវក និងពិនិត្យរកទំនិញដែលខូចគុណភាពលើគ្រឿងឧបភោគ បរិភោគ និងរកសារធាតុគីមីលើបន្លែ ត្រី សាច់ នៅក្នុងផ្សារកណ្តាល ក្រុងប៉ោយប៉ែត នេះមន្ត្រីជំនាញបានដកហូតកម្ទេចមីចំនួន១៥៩កញ្ចប់ស្មើ និងទំងន់៤.៦គីឡូក្រាម/ទឹកក្រូចកំប៉ុងចំនួន១៩ដប ដើម្បីប្រមូលយកទៅដុតកម្ទេចចោលនៅពេលក្រោយ។

លោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យប្រាប់ថា កម្ទេចមីដែលមន្ត្រីជំនាញធ្វើការដកហូតនេះ ជាប្រភេទទំនិញដែលហាមឃាត់មិនអោយដាក់លក់ ព្រោះជាកាកសំណល់ដែលសេសសល់ពីកម្ទេចមីកញ្ចប់ធំ ខ្វះអានាម័យ គ្មានគុណភាព ឆាប់ខូច ដែលឈ្មួញយកមកបន្លំវេចខ្ជប់លក់ ធ្វើឲ្យប្អូនតូចៗយកទៅទទួលទាន មានជំងឺរាករុះ ក្តៅខ្លួន ប៉ះពាល់សុខភាព ចំណែកទឹកក្រូចខូចគុណភាព ដកហូតនេះ ជាទំនិញហួសកាលបរិច្ឆេទ ។

ដោយឡែក ការធ្វើតេស្តរកសារធាតុគីមីរបស់មន្ត្រីជំនាញលើបន្លែ ត្រីសាច់នៅក្នុងផ្សារកណ្តាលមួយនេះ អាជីវករ ពិតជាមានការយល់ដឹងច្រើន រកពុំឃើញមានសារធាតុគីមីឡើយ ។ តែទោះជាយ៉ាងណា មន្ត្រីជំនាញនៅតែបន្តអប់រំ ពន្យល់ណែនាំបន្ថែមលើការទុកដាក់ទំនិញឲ្យមានអនាម័យ ត្រឹមត្រូវទៅតាមប្រភេទទំនិញ ដើម្បីឲ្យទំនិញរក្សាគុណភាពបានយូរក៏ដូចចូលរួមថែទាំសុខភាពពលរដ្ឋផងដែរ ៕ វណ្ណា


ចែករំលែក៖