ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះទំនើប និងរថក្រោះឥណ្ឌាទៅកាន់ព្រំដែន ត្រៀមធ្វើសង្គ្រាមជាមួយប៉ាគីស្ថាន

ចែករំលែក៖

បើសង្គ្រាមកើតឡើង ឥណ្ឌាមានសង្ឃឹមយកឈ្នះប៉ាគីស្ថាន ដោយសារឥណ្ឌាមានកម្លាំងទាហានសព្វាវុធទំនើបៗជាង ប៉ាគីស្ថាន ។ ប៉ុន្តែការបង្កសង្គ្រាមជាទ្រង់ទ្រាយធំ នឹងធ្វើឲ្យប្រទេសទាំងពីរ រងការខាតបង់ដូចគ្នា ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស ។

ស្ថានភាពកាន់តែអាក្រក់ទៅៗ នៅតាមបណ្តោយព្រំដែន ប៉ាគីស្ថាន និងឥណ្ឌា ក្នុងតំបន់កាស្មៀរ ក្រោយការបាញ់ទម្លាក់យន្តហោះចម្បាំងគ្នាទៅវិញទៅមក ។ នៅពេលនេះ ឥណ្ឌា បានបញ្ជូនយន្តហោះ ទំនើប​របស់ខ្លួនប្រភេទ​ Su-30MKI, Mirage 2000 និង​ MiG-29UPG ដែលជាក្រុមយន្តហោះចម្បាំងទំនើបបំផុត​របស់កងពលអាកាសឥណ្ឌា​។

កាលពីថ្ងៃទី​២៨ ខែកុម្ភៈ ការប៉ះទង្គិចគ្នារវាង ឥណ្ឌា នឹងប៉ាគីស្ថាន នៅព្រំដែន LoC ​​ តំបន់កាស្មៀរ មិនទាន់មានសញ្ញាបញ្ចប់នៅឡើយ អាចនឹងមានការវាយប្រហារគ្នាជាបន្តទៀត ​។ កម្លាំងទាហានប្រទេសទាំងពីរក្រោយពេលបាញ់ទម្លាក់យន្តហោះគ្នាទៅវិញទៅមក ក៏បានបាញ់ប្រហារគ្នាដោយកាំភ្លើងធំ និងបញ្ជូនរថក្រោះ​ទៅកាន់ព្រំដែនត្រៀមសង្គ្រាមជាទ្រង់ទ្រាយធំ ​។

ពេលនេះឥណ្ឌា បានបញ្ជូនយន្តហោះចម្បាំងទំនើបៗជាច្រើន ទៅកាន់ព្រំដែន ជាប់ប៉ាគីស្ថាន​។ ស្ថានភាពនាពេលនេះ ពិតជាតានតឹង យ៉ាងខ្លាំង អាចនឹងមានសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង ។ សហគមន៍អន្តរជាតិបានអំពាវនាវដល់ប្រទេស បរមាណូទាំងពីរ រក្សាការអត់ធ្មត់បញ្ចៀសហេតុការណ៍អាកក្រ់កើតឡើង ។

ជាមួយគ្នានេះ ភាគីប៉ាគីស្ថានក៏បានប្រកាសថា នឹងដោះលែង អាកាសយានិក លើយន្តហោះដែលប៉ាគីស្ថានបាញ់ទម្លាក់ក្នុងពេលឆាប់ៗនេះ ដែលជាសកម្មភាពកាត់បន្ថយកម្តៅតានតឹង។

ថ្លែងក្នុងសភាជាតិប៉ាគីស្ថាននៅឯរដ្ឋធានីអ៊ីស្លាម៉ាបាដ លោក Khan បានប្រកាសយ៉ាងដូច្នេះថា «ដើម្បីជាកាយវិការនៃការចង់រក្សាសន្តិ​ភាព​ យើងនឹងធ្វើការដោះលែងជន​នោះ (ពីឡុត MiG-21 របស់ឥណ្ឌា) នៅថ្ងៃស្អែកនេះ»។ ការប្រកាសរបស់លោក Khan ធ្វើឡើង បន្ទាប់ពីក្នុង​ថ្ងៃ​​ជាមួយគ្នានេះ ទីក្រុងញូដេលីបានស្នើឲ្យ​​ដោះលែងនឹងប្រគល់ខ្លួនពីឡុត​រូបនោះមកវិញ។ បើតាមការអះអាងរបស់លោកនាយករដ្ឋមន្រ្តី​​ប៉ាគី​ស្ថាន កាលពីថ្ងៃពុធ លោកក៏បានព្យាយាមទាក់ទង​នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ផងដែរ ដើម្បីប្រាប់ពីឆន្ទៈចង់បន្ធូរបន្ថយ​ភាពតានតឹងផងដែរ ។

គួរជម្រាបថា​ សប្តាហ៍នេះ ភាពតានតឹងរវាងឥណ្ឌា នឹងប៉ាគីស្ថាន​បានឈានដល់កម្រិតគ្រោះថ្នាក់ជាខ្លាំង ខណៈដែល​ក្រុមយន្តហោះ​ចម្បាំង​​នៃមហាយក្សនុយក្លេអ៊ែរទាំងពីរ បានប្រយុទ្ធគ្នាលើផ្ទៃអាកាស​នៅតំបន់ជម្លោះកាស្មៀរ ដែលជាលទ្ធផលបានបង្ក​ឲ្យ​យន្ត​ហោះ​ចម្បាំង​យ៉ាង​ហោច​ណាស់​​ចំនួន​០៣គ្រឿងបានធ្លាក់ ក្នុងនោះឥណ្ឌាពីរគ្រឿងនិងប៉ាគីស្ថានមួយគ្រឿង៕


ចែករំលែក៖