ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថក្រុងសេរីសោភ័ណ បញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យដែលអាវុធហត្ថក្រុងបញ្ជូនមានឈ្មោះ សាវឹង មករា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់ថា៖ បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះ រ៉េ រ៉ួម អាយុ៥៣ឆ្នាំ រស់នៅភូមិជាមួយគ្នា បានប្តឹងជនសង្ស័យឈ្មោះ សាវឹង មករា ជាអ្នកភូមិរស់នៅក្បែរផ្ទះគ្នាមករករឿងឈ្លោះប្រកែកគ្នាដោយជនសង្ស័យនិងម្តាយបានមកដល់មុខផ្ទះ ហើយជេរប្រមាថមើលងាយ បន្ទាប់មក ជនសង្ស័យបានចូលមកក្នុងផ្ទះខ្លួន (ជនរងគ្រោះ)ទះកំភ្លៀង២ដៃ បណ្តាលឲ្យស្ត្រីរងគ្រោះដួលសន្លប់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឋិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យបានបញ្ជាក់ថា ៖ ក្រោយពេលដែលជនសង្ស័យ ធ្វើ សកម្មភាពទះកំផ្លៀងស្ត្រីរងគ្រោះ បណ្តាលដួលសន្លប់ជនរងគ្រោះ បានដាក់បណ្តឹងកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យដែលជា ជនដៃដល់ម្នាក់ភ្លាមៗបញ្ជូនមកសាកសួរតាមចម្លើយសារភាព (ជនសង្ស័យ)ខ្លួនពិតជាបានធ្វើ សកម្មភាពមកលើស្ត្រីរងគ្រោះពិតម៉ែន ។
ដោយយោងតាមចម្លើយ និង បណ្តឹងរបស់ជនរងគ្រោះត្រូវចោទប្រកាន់ពីបទប្រើអំពើហិង្សា ដោយចេតនា ជនរួបនេះត្រូវបានកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យចាត់ ការតាមច្បាប់ ៕ វណ្ណា