ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនស៊ីវិល មានគ្នាជាច្រើននាក់ អះអាងថា ជាសមត្ថកិច្ច ឃាត់យុវជនម្នាក់ឆែកឆែរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនស៊ីវិល មានគ្នាជាច្រើននាក់ អះអាងថា ជាសមត្ថកិច្ច បានឃាត់យុវជនម្នាក់កំពុងជិះម៉ូតូ តែម្នាក់ឯង ឆែកឆែរតែមិនឃើញមានអ្វីទេ រួចគំរាមយកទៅខណ្ឌពិនិត្យមើលទឹកនោម ក៏ត្រូវយុវជនរងគ្រោះស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ស្រាប់តែក្រុមជនស៊ីវិលនោះបាននាំគ្នាគេចខ្លួនចេញ ទៅបាត់ម្ដងម្នាក់ៗ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ខាងមុខផ្លូវចូលវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្ដីយុវជនរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុ មេរបស់គាត់ បានទូរស័ព្ទហៅទៅផឹក រួចបានជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច Nex មួយគ្រឿង តែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ពីម្ដុំផ្សារថ្មីក្នុងទិសដៅពីកើតទៅលិច។

ខណៈមកដល់ចំណុចហួសស្តុបសួរច្បារក្ដាន់២ ស្រាប់តែមានជនស៊ីវិលមួយក្រុមមានគ្នាជាច្រើននាក់ បានអះអាងថា ពួកគេជាសមត្ថកិច្ច តែមិនដឹងថា ជាសមត្ថកិច្ចខាងណាទេ បានជិះប្រដេញតាមពីក្រោយ មកស្ទាក់ឃាត់គាត់ឲ្យឈប់ម៉ូតូ ដើម្បីឆែកមើលខ្លួនប្រាណ តែមិនឃើញមានអ្វីទេ បែរជាសំឡុតគំរាមគាត់ថា យកទៅខណ្ឌពិនិត្យមើលទឹកនោម ទើបរូបគាត់ស្រែកឡូឡាថា តើគាត់ខុសអ្វីបានជាមកឆែកឆេរ ហើយចង់នាំយកទៅខណ្ឌពិនិត្យទឹកនោមទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅកន្លែងកើតហេតុ ផ្ដិតយករូបភាព និងធ្វើការផ្សាយផ្ទាល់ សាកសួរដំណើររឿងហេតុ ។

គ្រាន់តែឃើញក្រុមអ្នកសារព័ត៌មាន ចុះមកផ្សាយផ្ទាល់ភ្លាមនោះ ស្រាប់តែក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល មិនដឹងមកពីខាងណានោះ បានគេចនាំគ្នាគេចេញពីកន្លែងកើតហេតុទៅបាត់ម្តងម្នាក់ៗ ៕ ជ្រោយពេជ្រ


ចែករំលែក៖