ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ប៉ូលិសពេញដី រឿងអីឡានធំ ចូលដល់កណ្តាលក្រុង

ចែករំលែក៖

ព្រឹកមិញនេះទៀត រថយន្តដឹកទំនិញ សណ្តោងកុងតឺន័រធំមួយគ្រឿង ត្រូវគេប្រទះឃើញ​ធ្វើដំណើរក្បែររបងស្ថានទូតចិន ស្ថិត​ក្នុងខណ្ឌចំការ​មន រាជធានីភ្នំពេញ ។ គេមិនដឹងថា តើរថយន្តដឹកទំនិញ​ធុនធំមួយគ្រឿងនេះចេះលេងសៀក បំបាំងខ្លួន​ឬយ៉ាងណា​នោះទេ បានជាអាចធ្វើដំណើរចូល​ដល់កណ្តាលទីក្រុងបានយ៉ាងស្រួលៗដូច្នេះ ។ នៅតាមគ្រប់ច្រកផ្លូវចូលទីក្រុង គេឃើញអាជ្ញាធរ មានសមត្ថកិច្ច​ ជាពិសេស​កងកម្លាំងនគរបាល​ដាក់ត្រៀបត្រាតាមដងផ្លូវ ប៉ុន្តែហេតុអ្វីបានជាបណ្តោយឲ្យរថយន្តធុនយក្ស​អាចធ្វើ​ដំណើរ​ចូលកណ្តាលបេះដូងទីក្រុងបាន?

រឿងរ៉ាវរថយន្តធំៗ ចូលមកដល់កណ្តាលទីក្រុង គឺជារឿង ដែលងាយចាត់វិធានការ ។ ងាយចាត់វិធានការ ក៏ព្រោះតែកម្លាំងប្រដាប់អាវុធ ជាពិសេស​នគរបាលគ្រប់ច្រកល្ហក, គ្រប់ច្រកផ្លូវ ពិតជាមានលទ្ធភាពទប់ស្កាត់ ហាមឃាត់រថយន្តទាំងនោះ មិនឲ្យចូល​កណ្តាលក្រុង​បាន ។ ប៉ុន្តែ​ហេតុអ្វីបានជា មិនឃើញក្រុមមន្ត្រីមានសមត្ថកិច្ចឃាត់រថយន្តទាំងនោះ? ចំណុចនេះ ក្នុងនាមប្រជាពលរដ្ឋខ្ញុំបាទ នៅតែមានចម្ងាយ និងស្នើឲ្យ​អាជ្ញាធរ​ចាត់វិធានការឲ្យមានប្រសិទ្ធភាព និងជាក់លាក់ ចៀសវាង​មានគ្រោះថ្នាក់ ហើយបន្ត​ស្តីបន្ទោស​ទៅ​លើប្រជាពលរដ្ឋ​ ឬ​គោបាត់ទើបធ្វើរបង ។ ថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ​បានប្រកាស​អំពីវិធានការក្តៅ​ដោយបាន​ហៅ​ម្ចាស់ក្រុមហ៊ុន​រថយន្តដឹកទំនិញធំៗ មកទូន្មានទៀតផង ។ ក្រោយការទូន្មាន គេនៅតែឃើញរថយន្តធំៗ ធ្វើដំណើរចូលមកកណ្តាលក្រុងដដែល​ជាដដែល ។

តើអាជ្ញាធរគួរចាត់វិធានការចំពោះ​កម្លាំងប្រដាប់អាវុធ​ ជាពិសេស​នគរបាល ដែលនៅតាមដងផ្លូវបណ្តែតបណ្តោយ​ឲ្យមានរថយន្តធំៗ​ចូល​ទីក្រុងបានដែរឬទេ? តាមយោបល់របស់ខ្ញុំបាទ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេស​អនុវត្តវិធានការទប់ស្កាត់​រថយន្តធំចូលកណ្តាលក្រុង គឺកម្លាំង​មានសមត្ថកិច្ច​គ្រប់ដងផ្លូវ​គឺជាអ្នកទទួលខុសត្រូវ ។ នរណា​ដែលបណ្តោយឲ្យរថយន្តធំ​ចូលទីក្រុង​តាម​ដែនសមត្ថកិច្ចរបស់ខ្លួន បុគ្គលនោះត្រូវទទួលទោស ។ បានជាថា យ៉ាងដូច្នេះ ពីព្រោះ​មានមន្ត្រីមួយចំនួន ដែលឈរនៅតាមដងផ្លូវ ទទួល​បានលាភសក្ការពីអ្នកបើកបររថយន្តធុនធំទាំងនោះ ទើបបណ្តោយឲ្យរថយន្តទាំងនោះ​បើកបរចូលទីក្រុងដោយសេរី ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖