ព័ត៌មានទាន់ហេតុការណ៍៖

មិនស្ទុះខ្លាំងដូចបទបែកស្លុយ ក៏បទ កន្ទ្រឹមសុរិន្ទ របស់មរតកមេឌៀ នៅតែជាទាក់ទាញច្រើន

ចែករំលែក៖

ភ្នំពេញ៖ មុនឈានដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផលិតកម្មជាច្រើនបានសម្រុក បញ្ចេញបទចម្រៀងយ៉ាងច្រើនសន្ធឹកសន្ទាប់ ក៏មានតារាប្រុសស្រីមួយចំនួន បានបន្តបញ្ចេញស្នាដៃច្រៀង និងរាំបែបយុវវ័យហៅថា បែកស្លុយជាបន្តបន្ទាប់ដែរ ។ ទោះជាយ៉ាងណា បទចម្រៀងបែបចង្វាក់ប្រជាប្រិយ និងកន្ទ្រឹមបែបសុរិន្ទ របស់ផលិតកម្មមរតកមេឌៀ នៅតែទទួលបានការចាប់អារម្មណ៍ច្រើនគួរសម ។

ថ្មីៗនេះមរតកមេឌៀ បានប្រកាសពីវត្តមានតារាចម្រៀងប្រុសស្រីខ្មែរសុរិន្ទ៣នាក់គឺកញ្ញា មន្ត្រា លោក សុងសែង និងលោកដាកា ជាដើមជាមួយនឹងការប្រកាសបញ្ចេញបទចម្រៀងបែបកន្ទ្រឹមដ៏ពេញនិយមពិរោះៗប្រមាណជិត៥០បទ ។ ការប្រកាសនេះក៏ធ្វើឡើងស្របពេលដែលផលិតកម្មនេះបានប្រមូលយកតារាចម្រៀងមានសំនៀងពិរោះ មិនទាន់មានផលិតកម្មច្បាស់លាស់ មករួមគ្នាជាចង្កោមតែមួយ បង្កើតឲ្យមានរសជាតិនៃស្នាដៃ និងទៀតដមសំនៀងប្លែក ។

បើទោះបីជាបញ្ចេញបទចម្រៀងច្រើនក៏ពិតមែន ប៉ុន្តែផលិតកម្មនេះនៅតែបន្តរក្សាស្នាដៃមរតកដើម និងបង្កើតរសជាតិនៃបទចម្រៀងថ្មី និងមិនមានបំណងប្រកួតប្រជែងជាមួយផលិតកម្មធំៗនោះទេ ។

លោក សុខ លីមរក្សា អ្នកគ្រប់គ្រងទូទៅនៅផលិតកម្មនេះបានបញ្ជាក់ថា បទកន្ទ្រឹមទាំង៤៨បទ របស់អ្នកចម្រៀងក្នុងផលិតកម្ម បាននឹងកំពុងចេញបណ្តើរហើយទទួលបានការកោតសរសើរច្រើន បើទោះបីជាធៀបនឹងបទបែបបែកស្លុយមិនបានក៏ដោយ ។

លោកបញ្ជាក់ថា បទបែបនេះនឹងនៅតែបន្តរក្សាបានការពេញចិត្តសម្រាប់មហាជនពិសេសសម្រាប់ការរាំលេងកម្សាន្ត ។ លោកថាក្រៅពីបទបែបកន្ទ្រឹមសម្រាប់រាំកម្សាន្តផលិតកម្មក៏នឹងបញ្ចេញបទចម្រៀងជាច្រើនទៀតដែលជាការផលិតថ្មី និងបទចម្រៀងមរតកដើមផងដែរ ។

លោកថាទាំងបទចម្រៀង ជាសាច់ភ្លេង និងជាMV បានបញ្ចប់ការផលិតហើយ ដែលសរុបមានរហូតដល់ជាង៦០បទ គឺមានទាំងថតនៅព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់មួយចំនួននៃខេត្តសុរិន្ទ ។ លោករំពឹងដែរថាស្នាដៃផលិត និងច្រៀងរបស់តារាចម្រៀងខ្មែរ និងខ្មែរសុរិន្ទនឹងបន្តទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងត្រូវបានគេយកទៅចាក់រាំកម្សាន្តក្នុងកម្មវិធីជួបជុំនានា នៅមុនពេល និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

គួរបញ្ជាក់ដែរថា ក្រៅពីតារាចម្រៀងសុរិន្ទទាំងបីរូបខាងលើ ផលិតកម្មមរតកមេឌៀ ប្រមូលបានតារាចម្រៀងប្រុសស្រីក្មេងចាស់ជាច្រើនមករួមបញ្ចូលគ្នា ដែលមានទាំងបេក្ខជនមានសំនៀងពិរោះធ្លាប់ចូលរួមប្រកួតកម្មវិធីល្បីៗនៅកម្ពុជា និងតារាចម្រៀង តារាកំប្លែងជាច្រើនចូលរួមមានដូចជា លោក សយ រតនា លោក យឹន យន លោក ខែមអ៊ីសាក់ យាយ យ៉យ នាយព្រែក កញ្ញា ដានីកា អ្នកនាង គ្រីប លក្ខិណា លោក នាង ប្រាក់សុគន្ធ អ្នកស្រី ជិន ចាន់ធឿន លោក ឈុន ចិត្រា កញ្ញា រំដួល កញ្ញា យ៉ាង ណារី លោក សាម សុភ័ស លោក អ៊ិន ច័ន្ទរតនាជាដើម ៕ វឌ្ឍនា


ចែករំលែក៖