ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ ក្រុមហ៊ុន ផែស្ងួត អូលែរ បើកចេញពីរក្រុមហ៊ុន ជ្រុលទៅបុកម៉ូតូកិនបុរសម្នាក់ស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលស្លាប់នឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម បន្ទាប់ពីមានរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួត អូលែរ មួយគ្រឿងបើកចេញពីរក្រុម ហ៊ុន ជ្រុលទៅបុកម៉ូតូនិងកិនបុរសម្នាក់អូសជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារជម្ពូវន្ត័ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ(ស្លាប់) មានឈ្មោះ សែម ដានី ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

តាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួត អូលែរ មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-0574បើកចេញពីរក្រុម ហ៊ុន ទិសដៅពីត្បូងទៅជើងឆ្លងមកផ្លូវជាតិលេខ៤ បំណងបត់ឆ្វេងដៃ ទៅទិសខាងលិចលុះ មកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-7242 ជិះដោយបុរសម្នាក់ទិសដៅពីលិចទៅកើត​ដួលអូសជនរងគ្រោះជាច្រើនម៉ែត្របោកក្បាលស្លាប់ នឹងកន្លែងយ៉ាងអាណោចអាធ័ម ។ ចំណែកតៃកុងរថយន្តកុងតឺន័រឃើញសភាពមិនស្រួលទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតឆមផ្លូវច្បាប់ ។

ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ រួចដឹកយកទៅតម្កល់ទៅនៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនសាច់ញាត្តិយកទៅ ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖