ខេត្តកណ្ដាល៖ មន្ត្រីប៉ូលិសស្រុកកោះធំម្នាក់ រងរបួសធ្ងន់ ខណៈកំពុងបើកបរម៉ូតូតាមដងផ្លូវ ចាំងភ្លើងរថយន្ត បានប៉ះដៃចង្កូតជាមួយអ្នកថ្មើរជើងម្នាក់ដើរឆ្លងផ្លូវ បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែ កុម្ភះ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីប៉ូលិសចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរប៉ូលិស តួនាទីអធិការរង ទទួលផែនសន្តិសុខ នៃ អធិដ្ឋាននគរបាលស្រុកកោះធំ មានទីលំនៅភូមិពោធិរាម្មា ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1 E -8885
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បន្ទាប់ពីបំពេញបេសកម្មចប់ ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងបើកក្នុងទិសដៅច្រាស់គ្នា ដោយបើកភ្លើងហ្វាកូដ ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូចាំងភ្នែក មើលអ្នកថ្មើរជើងឆ្លងផ្លូវមិនឃើញ ក៏បានប៉ះដៃចង្កូតជាមួយអ្នកថ្មើរជើង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតការណ៍កើតឡើង កម្លាំងនគរបាលជំនាញស្រុក បានចុះដល់កន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញ ធ្វើការវាស់វែង និងដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការបញ្ជាក់របស់ប៉ូលិសជំនាញបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកថ្មើរជើង ដើរឆ្លងផ្លូវ មិនមើលឆ្វេងស្តាំ មិនគោរពសិទ្ធិអាទិភាព ។ ចំណែកអ្នកបើកបរម៉ូតូ ដោយចាំងភ្លើង រថយន្ត ដែលបើក បញ្ច្រាសទិស មើលមិនឃើញ អ្នកដើរឆ្លងផ្លូវ ក៏ប៉ះដៃចង្កូតម៉ូតូ ជាមួយអ្នកដើរ បណ្ដាលឲ្យដួលម៉ូតូ និងអ្នកបើក បណ្ដាលឲ្យដួលបោកក្បាលទៅលើផ្លូវជាតិតែម្ដង ៕ ស្អាងជ័យ