ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង បើកម៉ូតូលឿន រេចង្កូតទៅបុកទ្រុងគោយន្ត ផ្នែកខាងក្រោយ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី រវាងគោយន្តកន្ត្រៃ និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យ រងរបួសធ្ងន់០១នាក់ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូ ម៉ាកហុងដាវេវ (Honda Wave) ពណ៌ខៀវ បើកបរពីកើត ទៅលិច មាន ឈ្មោះ ម៉ាន់ ណាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឈើ មានទីលំនៅ ភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (រងរបួសធ្ងន់)។ វីឯអ្នកបើកបរគោយន្តកន្ត្រៃ បើកបរពីលិចទៅកើត ឈ្មោះ លន់ វ៉ាន់ធួន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ក្នុងបន្ទុកឪពុកម្ដាយ មានទីលំនៅ ភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចចរាចរណ៍ស្រុកបានឲ្យ ដឹងថា មូលហេតុ អ្នកបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹង និងប្រើប្រាស់ល្បឿនលើសការកំណត់ ដល់កន្លែងកើតហេតុបណ្តាលឲ្យរេចង្កូតចូលចំណែកផ្លូវគោយន្តហើយទៅបុកទ្រុងគោយន្តផ្នែកខាងឆ្វេង។

សមត្ថកិច្ចបានបន្តទៀតថា យោងតាមការសន្និដ្ឋាន និងការវាស់វែងបឋមយល់ឃើញថា ឈ្មោះ ម៉ាន់ ណាក់ អ្នកបើកបរម៉ូតូ ជាអ្នកបង្កទៅលើភាគីគោយន្ត និងបណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បច្ចុប្បន្នវត្ថុតាងទាំងពីរ ត្រូវបានកម្លាំងជំនាញ បានធ្វើការដកហូត យកមករក្សាទុកនៅអធិការដ្ឋានបណ្ដោះអាសន្នរង់ចាំការដោះស្រាយ៕ ប៉ែន នួន


ចែករំលែក៖