ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីប្រទូស្តកេរ្តិ៍ខ្មាស់ស្ត្រីកម្មករសំណង់ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃាត់ខ្លួនមកសាកសួរពាក់ព័ន្ធ ករណីប្រទូស្តកេរ្តិ៍ខ្មាស់ពីស្ត្រីកម្មករ សំណង់ម្នាក់ខណៈកំពុងដេកក្នុងបន្ទប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីព្រឹក នៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិបាវិត កណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុង បាវិតបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទ្រឿង យ៉ាំងប៉ែរ អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ B7455364 មានទីលំនៅភូមិបាមី ឃុំតាំងង៉ាយ ស្រុកកូវង៉ាង ខេត្តត្រាវិញ ។

ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ប៉ាង យ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពបន្តថា មុនកើតហេតុ ស្ត្រីរងគ្រោះបានដេកក្នុងបន្ទប់ដែលស្នាក់នៅការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈនោះ ស្រាប់តែមានជនសង្ស័យបានចូលក្នុង បន្ទប់ហើយ ក៏ធ្វើសកម្មភាពថើប និងប្រទូស្តកេរ្តិ៍ខ្មាស់បង្កការភ្ញាក់ផ្អើល ឡើង និងរាយការណ៍មកសមត្ថកិច្ចមក អន្តរាគមន៍ និងឃាត់ខ្លួនបានតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍ នគរបាលរដ្ឋបាលបាវិតដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យនគរបាល ជំនាញដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖