នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រកាសថា លោកចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីស្វែងរកដំណោះស្រាយ លើបញ្ហាពលរដ្ឋ ជប៉ុន ត្រូវចាប់ឃុំខ្លួននៅកូរ៉េខាងជើង ក៏ដូចជាការបង្កើនទំនាក់ទំនងទ្វេភាគី។
មានប្រសាសន៍ក្រោយជំនួបពីភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ បានលើកឡើងថា លោកទទួលបានការផ្តល់នូវលទ្ធផលនៃកិច្ចប្រជុំ អាមេរិក កូរ៉េខាងជើង ជាលើកទីពីរ។
នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា លោកត្រាំបានលើកឡើងពីបញ្ហាពលរដ្ឋជប៉ុន ត្រូវចាប់ឃុំខ្លួននៅកូរ៉េខាងជើង ដល់ទៅពីរលើក ក្នុងជំនួបជាមួយ លោកគីម ជុងអ៊ុន ។ លោកត្រាំ បានលើកឡើងថា ទីក្រុងតូក្យូ បានផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាទាំងនោះ។
ពាក់ព័ន្ធនឹងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីជប៉ុនគាំទ្រ ការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ថាចាំបាច់ត្រូវតែ រំសាយអាវុធបរមាណូ នៅឧបទ្វីបកូរ៉េ ទើបអាចលុបទណ្ឌកម្ម ។ ការសម្រេចរបស់លោកត្រាំ ក៏ទទួលបានការគាំទ្រ ពី បណ្តាតំណាងរាស្ត្រអាមេរិក ទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋផងដែរ ថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ៕