ភ្នំពេញ៖ ប្រជាពលរដ្ឋមួយគ្រួសារក្នុងចំណោមច្រើនគ្រួសារដែលអះអាងថា រងគ្រោះដោយសារថៅកែរណ្តៅដីឈ្មោះហ៊ុន ប៊ុនធឿន ហៅតា លាង រំលោភយកដីពួកគាត់ ទំហំ ៦,១៦ ហិកតាស្ថិតនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាលើកបដាសុំកិច្ចអន្តរា គមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ក្នុងករណីដែលឈ្មួញដីខាងលើប្រើឯកសារក្លែងបន្លំសម្តេចតេជោយកដីព្រមទាំងបានប្តឹងចាប់ចងក្រុមគ្រួសារពួកគាត់ថែមទៀត។
ការសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោនេះបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃសុក្រ ១០ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៩ នៅមុខដីដែលគេរំលោភយកក្នុងភូមិខាងលើធ្វើឡើងដោយលោកស្រី ងួន សាវ៉ន និងកូនចៅលោកតា ឃួន ប៉ុន និងលោកយាយ ហួត ងៀប ដែលស្លាប់ទៅហើយនោះបន្សល់ទុកដីនេះឲ្យពួកគាត់គ្រប់គ្រងយូរឆ្នាំមកនាំហើយ តែក្រោយមកត្រូវឈ្មួញដីឈ្មោះហ៊ុន ប៊ុនធឿន ហៅ តា លាង រំលោភយកតាមរយៈប្រើឯកសារក្លែងបន្លំសម្តេចតេជោយកធ្វើប្លង់រឹងជាកម្មសិទ្ធិ ។
ប្រភពរឿងរ៉ាវដីធ្លីនេះបានឲ្យដឹងថា កន្លងមកលោក ហ៊ុន ប៊ុនធឿន ហៅតា លាង បានធ្វើទុក្ខបុកម្នេញធ្វើព្យុះធ្វើភ្លៀងមកលើប្រជាពលរដ្ឋជាច្រើនគ្រួសារជាម្ចាស់ដីដើម និងប្រជាពលរដ្ឋអាស្រ័យផល ក្នុងរយៈពេលប្រមាណជា ៤ឆ្នាំនេះ ខណៈ ដែលលោក ហ៊ុន ប៊ុនធឿន ហៅតា លាងនេះសំអាងលើលិខិតរបស់ទីស្តីការគណៈ រដ្ឋមន្ត្រីលេខ៦៩១ សជណ.ផក. ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោក រដ្ឋលេខាធិការ ស៊ូ ភិរិន្ទ និងយោងលិខិតលេខ ៤៨ លស.រក.គរម. ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់សាលារាជធានីភ្នំពេញ និងយោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤នោះ ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារជាម្ចាស់ដីដើម និងប្រជាពលរដ្ឋអាស្រ័យ ផលបានលើកឡើងថា ដីបឹងទំហំ៦,១៦ហិកតា ដែលស្ថិតនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលលោក ហ៊ុន ប៊ុនធឿន ហៅតា លាង ធ្វើប្លង់រឹងនោះ គឺបានបំពានទាំងស្រុង មកលើដ ីពួកគាត់ជាមួយនឹងការធ្វើព្យុះធ្វើភ្លៀងបង្កបញ្ហាដាក់ប្រជាពលរដ្ឋមិនឈប់ឈរគ្រប់ បែបយ៉ាង តាមរយៈយក សជណ លេខ៦៩១ ដែលបានមកពីការក្លែងបន្លំ ភូតភរអាជ្ញាធរ និងប្រមុខរាជរដ្ឋាភិបាល តាមរយៈអះអាងថា ខ្លួនជាម្ចាស់ដីដើមដែលមានឯកសារសំអាង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋជាច្រើនគ្រួសារម្ចាស់ដីដើម និងអាស្រ័យផលបានឲ្យដឹងថា ធាតុពិត ដីបឹងនេះ ម្ចាស់ដើមមានឯកសារសំអាងពិតប្រាកដ តែលោក ហ៊ុន ប៊ុនធឿនវិញ គ្មានឯកសារពិត ប្រាកដនោះទេ មានតែ ឯកសារក្លែងបន្លំផ្សេងៗ ធ្វើជាមធ្យោបាយ ក្នុងចេតនាទុច្ចរិត ក្លែងបន្លំ ភូតភរអាជ្ញាធរ និងសម្តេចតេជោហ៊ុន សែន ដើម្បីរត់ការយក សជណ ធ្វើបណ្ណកម្មសិទ្ធិ ក្នុង គោលបំណងលុបដីបឹងលក់តែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋបន្តថា ករណីបឹងដែលលោក ហ៊ុន ប៊ុនធឿន រត់ការភូតកុហកសម្តេចនាយក រដ្ឋមន្ត្រីថា ខ្លួនជាម្ចាស់ដីដើមគឺម្ចាស់ដើមមានឯកសារគ្រប់គ្រាន់ ហើយសុទ្ធតែនៅរស់នៅឡើយ និងមានឯកសារសំអាងត្រឹមត្រូវ ក្នុងនោះពួកគាត់កំពុងប្តឹងពីបុគ្គលហ៊ុន ប៊ុនធឿន ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច មិនបានយកចិត្តទុកដាក់ មិនខ្វល់នឹងទឹកភ្នែករបស់រាស្ត្ររងគ្រោះ ដោយសារបុគ្គលហ៊ុន ប៊ុនធឿននេះធ្វើបាបឡើយ ។
បច្ចុប្បន្ន ហ៊ុន ប៊ុនធឿន ហៅតា លាង បានយក សជណ លេខ៦៩១ និងបណ្ណកម្មសិទ្ធិ ដែលបានមកពីការភូតកុហក សម្តេចតេជោហ៊ុន សែន ធ្វើជាភស្តុតាងដើម្បីប្តឹងផ្តល់ប្រជាពលរដ្ឋជាច្រើនគ្រួសារជាម្ចាស់ដីដើម និងប្រជាពលរដ្ឋអាស្រ័យផលទៅតុលាការ ក្នុងចេតនាធ្វើបាប ។ មិនតែប៉ុណ្ណោះ ការអនុវត្ត សជណ ខាងលើនេះ ក៏មិន ចំគោលដៅ លើសពីអ្វី ដែលមានទំហំដីបឹងក្នុង សជណ លេខ៦៩១ នេះថែមទៀត ។
ជាក់ស្តែង ដូចនៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង៩ព្រឹក លោក ហ៊ុន ប៊ុនធឿន ហៅ តាលាង បានត្រូវរ៉ូវគ្នាជាមួយតុលាការ និងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះមករុះរើផ្ទះបាយរបស់ មជ្ឈមណ្ឌលព័ត៌មាននគរវត្ត ដែលទីតាំងនេះមិនស្ថិតនៅក្នុង ស.ជ.ណ និងបណ្ណកម្មសិទ្ធិ ដែលបានមកពីការ ភូតភរសម្តេចតេជោនោះឡើយ ។ កន្លងមកស្ថាប័នតុលាការ មិនដែលពិចារណាលើហេតុផល និងមិនបានចុះមកដល់ទីតាំងទំនាស់នោះទេទោះជាមានសំណូមពរពីប្រជាពលរដ្ឋ រងគ្រោះក៏ដោយ ក៏ខាង តុលាការធ្វើការ តែក្នុងប៊ុយរ៉ូ និងមើលត្រឹមតែក្រដាសឯកសារក្លែងបន្លំ និងឯកសារកូពី មិនដែល មានឯកសារច្បាប់ដើមយកមកប្រើប្រាស់ និង បង្ហាញតុលាការឡើយ ។ ដោយសារ សជណ នេះ បច្ចុប្បន្នបុគ្គល ហ៊ុន ប៊ុនធឿន ហៅតា លាង បានធ្វើសកម្មភាព ដឹកជញ្ជូនដីខ្សាច់ ចាក់លុបបឹងតាម សជណនេះ ហើយប្រជាពលរដ្ឋ ជាច្រើនគ្រួសារជាម្ចាស់ដីដើមបានប្តឹងតែអាជ្ញាធរមិនរវីរវល់អើពើ ធ្វើការដោះស្រាយទេ ។ ក្នុងនោះ ការចាក់ដីលុបបឹងនេះទៀតសោត គឺលោក ហ៊ុន ប៊ុនធឿន ហៅតា លាង ធ្វើឡើង ដោយគ្មានគោរពសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋឡើយ ដោយការបំពងសំឡេងរថយន្តគ្រឿងចក្រ រំខានដល់ការទទួលទានដំណេក និងគ្មានគិតពីពេលវេលាសម្រាក របស់ប្រជាពលរដ្ឋនោះទេ ចាក់ទាំងយប់ ទាំងថ្ងៃ ស្ទើរគ្រប់ម៉ោង បំពងសំឡេងយ៉ាងខ្លាំងបំផុត ។
គួររំលឹកថា ប្រជាពលរដ្ឋដែលជាម្ចាស់ដីដើម មានដូចជាឈ្មោះ ងួន សាវ៉ន ភេទស្រី និងឈ្មោះ ឃួន ម៉ាលីន ភេទស្រី បានប្តឹងបុគ្គលហ៊ុន ប៊ុនធឿន ប៉ុន្តែតាមរយៈឯកសារក្លែងបន្លំ ភូតភរនាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុន សែន គឺហ៊ុន ប៊ុនធឿន បានធ្វើប្លង់រឹង ទាំងបំពានលើប្រជាពល រដ្ឋជាម្ចាស់ដីដើម និងប្រជាពលរដ្ឋអាស្រ័យ ផល ។
ប្រជាពលរដ្ឋជាម្ចាស់ដីដើម និងប្រជា ពលរដ្ឋអាស្រ័យផលក៏បានសំណូមពរផងដែរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាមានការស៊ើបអង្កេតពី សជណ លេខ៦៩១ ឡើងវិញ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ទាំងម្ចាស់ដីដើម និងប្រជា ពលរដ្ឋអាស្រ័យផល។ ប្រជាពលរដ្ឋ បញ្ជាក់ថា លោក ហ៊ុន ប៊ុនធឿន ហៅតា លាង គាត់មានចេតនាបំពានផងដែរ ទៅលើ សជណ លេខ៦៩១ ខណៈមិនបានធ្វើការអភិវឌ្ឍតាមការណែនាំក្នុង សជណ ដូចជា មិនបានធ្វើផ្លូវ ប្រឡាយនេះជាដើម ។ មានន័យថា លោក ហ៊ុន ប៊ុនធឿន បាន សជណ លេខ ៦៩១ បែរជាធ្វើសកម្ម ភាពគួកជេលក់ដីបឹងនេះក្នុងរយៈពេលប្រមាណជា៤ឆ្នាំមកហើយ តាមរយៈការកាត់ដីលក់ដើម្បីជាប្រយោជន៍ បន្ទាប់ពីធ្វើឯកសារផ្សេងៗក្លែងបន្លំភូតភរអាជ្ញាធរ និងសម្តេចតេជោ ហ៊ុន សែន បានមក នោះ។
ពាក់ព័ន្ធការសុំធ្វើអន្តរាគមន៍ពីសម្តេចតេជោ របស់ក្រុមគ្រួសារលោកតា ឃួន ប៉ុន និងលោកយាយហួត ងៀបនេះ ភ្នាក់ងារ កាសែតនគរវត្ត មិនអាចសុំការពន្យល់ពីលោកហ៊ុន ប៊ុនធឿន ហៅតា លាង បានទេេកាលពីរសៀលម្សិលមិញនេះ ៕ ស តារា