ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋបាលកំពង់លួង សហការចុះបង្រ្កាបករណីមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះ កម្លាំងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ២នាក់រួមទាំងវត្ថុតាងជាក់ស្ដែង ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះសំណាក់ យីហោ ៥៩ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១ ឈ្មោះ ឡុង ស្រួច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ សោម រី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំងពីរ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
របាយការណ៍ដដែលបន្តថា ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងជារួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់ ស្មើនឹងទម្ងន់ចំនួន ២,១៨ក្រាម ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕ ប៉ឹម ពិន