ភ្នំពេញ ៖ ប្រទះឃើញសពយុវជនម្នាក់អណ្តែតទឹក បន្ទាប់ពីយុវជនរូបនេះបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនដោយសារបងប្អូនស្តីបន្ទោសបន្តិចបន្តួច រឿងដើរលេងច្រើន ។ ហេតុការណ៍ភ្ញាក់ផ្អើលរកឃើញសពនេះកើតឡើងកាលពីម៉ោងជិត១រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៩ នៅក្រោមស្ពានជ្រោយចង្វា ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពៅដាវីនហៅនីត អាយុ ២២ឆ្នាំរស់នៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែ1 ខណ្ឌឫស្សីកែវ មុខរបររត់ម៉ូតូកង់បី ។
បើតាមសម្តីក្រុមគ្រួសារ ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស៊ីជាមួយបងប្អូននៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ1 ខណ្ឌឫស្សីកែវ ហើយត្រូវបានបងប្អូនស្តីបន្ទោសរឿងដើរលេងដាច់យប់ច្រើន រកលុយមិនសល់ ។ ក្រោយមកដោយសារស្រវឹងផង ហើយយុវជនរូបនេះបានគិតច្រើនផង ក៏បានជិះម៉ូតូទាំងយប់ ដោយមិនដឹងទៅណានោះទេ ។
ប្រភពបន្តថា នៅយប់នោះជនរងគ្រោះបានទូរស័ព្ទប្រាប់បងប្អូនម្នាក់ទៀតថា យើងលាសិនហើយ ព្រោះអស់កម្មពៀរនឹងគ្នាហើយ រួចក៏ផ្តាំឲ្យបងប្អូនមកយកម៉ូតូផងនៅលើស្ពានជ្រោយចង្វា ។ ដោយសារបងប្អូនមិនចាប់អារម្មណ៍ ស្មានតែនិយាយលេង រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី១ ខែមីនា បាត់មិនឃើញ តេក៏មិនចូល ។ ប្រភពឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២ ខែមីនា ក្រុមគ្រួសារក៏ជួលគេមុជទឹករាវរហូតដល់ម៉ោងជាង១២ ថ្ងៃត្រង់ ក៏ប្រទះឃើញសព រួចបានស្រង់មកលើគោក ដឹកយកទៅធ្វើបុណ្យនៅវត្តទួលសង្កែតាមប្រពៃណី ៕ ជ្រោយពេជ្រ