ព័ត៌មានទាន់ហេតុការណ៍៖

ផ្កាយ៣ ប៉ុល ស៊ីនួន ដែលថា ទះកំភ្លៀងក្មួយស្រី លោកព្រំ ម៉ាញ់ សងជំងឺចិត្តនាង៨០០០ដុល្លារ ក្រៅប្រព័ន្ធតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ផ្កាយ៣ម្នាក់ ដែលទទួលរងការចោទប្រកាន់ថា បានទះកំភ្លៀងស្ត្រីអ្នកចម្រៀងម្នាក់ នៅភោជនីយបឹងមាស ក្នុងសង្កាត់- ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ គឺជាលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជការរងកងទ័ពជើងគោក ហើយបច្ចុប្បន្ននេះ លោកបានចរចាក្រៅប្រព័ន្ធតុលាការស្ងាត់ៗ ដោយយល់ព្រមសងជំងឺចិត្តចំនួន៨០០០ដុល្លារ ប៉ុន្តែការសម្របសម្រួល នោះបានបញ្ចប់ជាមួយជនរងគ្រោះក៏ដោយ តែសុំណុំរឿងនេះស្ថិតនៅក្នុងប្តឹងអាជ្ញានៅឡើយ ។

ស្ត្រីរងគ្រោះឈ្មោះ យិន ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរអ្នកចម្រៀងបឹងមាស ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ ចំណែកជនដៃដល់ឈ្មោះ ប៉ុល ស៊ីនួន មានឋានន្តរស័ក្តិឧត្តមសេនីយឯក (ផ្កាយ៣) មេបញ្ជការរងកងទ័ពជើងគោក មានទីលំនៅក្នុងទីរួមខេត្តបាត់ដំបង ជិះរថយន្តម៉ាក ម៉ាស្តារ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1215 ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីប្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ លោកពាក់ផ្កាយ៣ ប៉ុល ស៊ីនួន បានយល់ព្រមផ្តល់ថវិកាសំណងជំងឺចិត្តចំនួន៨០០០ដុល្លារ ដល់ស្ត្រីអ្នកចម្រៀងឈ្មោះ យិន ស្រីពៅ អាយុ៣៥ឆ្នាំ បន្ទាប់ពីជនរងគ្រោះ បានប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា អំពីករណីអំពើហិង្សាមកលើរូបនាង ដែលកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

បញ្ជាក់បន្ថែមលើករណីនេះ លោក ហេង ឡុង ប្រធានសមាគនសិល្បករខ្មែរ បានអះអាងបញ្ជាក់ប្រាប់ ថា ភាគីបង្កអំពើហិង្សាបានព្រមព្រៀង និងសុខចិត្តផ្តល់សំណងជាថវិកាចំនួន៨០០០ដុល្លារ ដល់ស្ត្រីរងគ្រោះ ដើម្បីបញ្ចប់ការប្តឹងផ្តល់។

លោកបានបញ្ជាក់បន្ថែមទៀតថា នាង យិន ស្រីពៅ អ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស គឺជាក្មួយស្រីរបស់លោក ព្រហ្ម ម៉ាញ សិល្បករជើងចាស់ដ៏ល្បីនៅក្នុងព្រះរាជណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ករណីចោទប្រកាន់មកលើលោកឧត្តមសេនីយឯក ប៉ុល ស៊ីនួន ប្រើអំពើហិង្សា លើអ្នកចម្រៀងឈ្មោះ យិន ស្រីពៅ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានបឹងមាស តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ លោកផ្កាយ៣ ប៉ុល ស៊ីនួន រួមនិងមិត្តភក្តិប្រុសស្រីមួយក្រុមបានចូលមកផឹកស៊ីនៅក្នុងហាងបឹងមាស ដែលបន្ទាប់លោកឧត្តមសេនីយ៍រូបនេះ បានបបួលស្ត្រីអ្នកចម្រៀងឈ្មោះ យិន ស្រីនាង ទៅដេកជាមួយ ប៉ុន្តែនាងមិនព្រម ទើបលោកខឹងចិត្តរហូតទះកំភ្លៀង៣ដង រួចហើយបើករថយន្តម៉ាក ម៉ាស្តារ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1215 ចេញពីកន្លែងកើតហេតុតែម្តង។ ចំណែកនារីរងគ្រោះ ក៏ជិះម៉ូតូ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារភ្លាមៗដែរ ដើម្បីឲ្យជួយរកយុត្តិធម៌តែម្តង ។

ក្រោយស្រី្តរងគ្រោះបានដាក់ពាក្យបណ្តឹងរួច លោក ចាន់ ប៊ុនធឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ជ្រោយចង្វារ និងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ ថា ករណីនេះកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងចាត់ការតាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រោង មេបញ្ជាការរងកងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១ខែមីនា ឆ្នាំ២០១៩ មិនអាចបញ្ជាក់ឲ្យបានច្បាស់អំពីដំណើរការនីតិវិធីរបស់មន្ត្រីក្រោមបង្គាប់លោកបានឡើយ ដោយសារលោកកំពុងជាប់រវល់ពេក ប៉ុន្តែលោកបានអះអាងប្រាប់ថា មន្ត្រីកងរាជអាវុធហត្ថកំពុងតែធ្វើការនេះយ៉ាងយកចិត្តទុកដាក់ ៕ ស តារា


ចែករំលែក៖