ខេត្តរតនគីរី៖ រថយន្តបាឡែនបានបុកម៉ូតូពីក្រោយពេញទំហឹង ដែលបើកបរស្របទិសគ្នាបណ្តាលឲ្យមនុដ្ដពីនាក់រងរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទី ព្រឹក ថ្ងៃសុក្រ ១០ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នៅ លើដងផ្លូវជាតិលេខ ៧៨Aក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រភពពីនគរបាលចរាចរណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ខណៈកំពុងបើកបរធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត ។
សមត្ថកិច្ចបានបន្តថា ជនបង្កបើករថយន្តម៉ាកបាឡែនពណ៌ស ក្រោយពេលកើតហេតុ ក៏បានបើករថយន្តគេចខ្លួនបាត់តែម្តង ។
សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះជិះម៉ូតូម៉ាក អិច សេនធឺ ពណ៌ខ្មៅ បើកបរដោយឈ្មោះ រចំ ពេញ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិចារាយ មុខរបរកសិករ មានទីលំនៅភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរីរងរបួសស្រាល ។
រួមដំណើរម្នាក់ឈ្មោះ លាង ហេង ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ១១៣ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់ ។
សមត្ថកិច្ចថា មូលហេតុបង្កឡើងដោយអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យបុកម៉ូតូពីក្រោយពេញទំហឹងតែម្តង ។
ក្រោយកើតហេតុ វត្ថុតាងត្រូវបានកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ យកមករក្សាទុកនៅអធិការដ្ឋានស្រុកអូរយ៉ាដាវ បណ្តោះអាសន្ន រង់ចាំភាគីទាំងពីរចូលខ្លួនមកដោះស្រាយតាមច្បាប់ពេលក្រោយ៕ ជីវ័ន្ត