ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យភ្លើងឆេះព្រៃ រាលឆេះផ្ទះពលរដ្ឋមួយខ្នងអស់គ្មានសល់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ផ្ទះពលរដ្ឋ១ខ្នង ស្ថិតនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ត្រូវអគ្គិភ័យឆាបឆេះអស់គ្មាន សល់ សង្ស័យបណ្តាលមកពីភ្លើងឆេះព្រៃរាលឆេះ កាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ។

សមត្ថកិច្ចប៉ុស្តិ៍សង្កាត់អូរតាវ៉ៅបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារ ក្នុងផ្ទះអស់ទាំងស្រុង នៅចំណុចក្បែរខ្ទមអ្នកតា ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយសារគ្មានអ្នកនៅផ្ទះឡើយ ។ បើតាការរៀបរាប់ពីម្ចាស់ផ្ទះឈ្មោះ សារី មករា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ និងប្រពន្ធកូន មិនបាននៅផ្ទះទេ ទៅស៊ីឈ្នួលបេះផ្លៃស្វាយ និងមៀនគេ ពេលត្រឡប់មកផ្ទះវិញ ក៏ឃើញឆេះផ្ទះអស់ យំក៏យំលែងចេញ។

សមត្ថកិច្ចបានបន្តថា ករណីខាងលើនេះ គឺមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍កំពុងស្រាវជ្រាវនៅកន្លែងកើតហេតុ ៕ ស សារ៉េត


ចែករំលែក៖