ភ្នំពេញ ៖ ជនសង្ស័យម្នាក់ សកម្មក្នុងបទល្មើស គាស់សោបន្ទប់ជួលលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋហើយបានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចបានម្តងហើយ គេចខ្លួនបាត់ស្រាប់តែញ៉ាម មកម្តងទៀត ត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ អុឹម សៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិ តាភរ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-1552 ជាមធ្យោបាយជនសង្ស័យជិះដើរធ្វើសកម្មភាព កូនសោ សម្រាប់ដើរចាក់ឆ្កឹះ មេសោចាក់ឆ្កឹះរួច ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យ ធ្វើសកម្មភាពគាស់សោបន្ទប់ម្តងរួចហើយ បាន៣បន្ទប់ លួចបានសម្រេចគេចខ្លួនបាត់ មិនទាន់បាននាំគ្នាទៅប្តឹងប៉ូលិសផង ស្រាប់តែនៅរសៀលថ្ងៃទី២ បន្ទាប់នេះ លេចមុខជនសង្ស័យ ជិះម៉ូតូមកសារជាថ្មី ធ្វើសកម្មភាពគាស់សោបន្ទប់បាន៣ទៀត ម្ចាស់អ្នកជួល មកទាន់ស្រែកឆោឡោ ព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច ។
ជនសង្ស័យត្រូវបានឃាត់នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី ៕ សុខាសែនជ័យ