ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនម្នាក់រួមទាំងម្សៅក្រាមពណ៌សថ្លា ៣២.៥៥ក្រាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋអន្លង់ត្នោត សហការចុះបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនម្នាក់រួមទាំងវត្ថុតាង និងសម្ភារផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឈិវ ឆេងលី ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំងចុះប្រត្តិបត្តិការបានឲ្យដឹងថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើកម្លាំងបង្រ្កាបដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ អៀ ប៊ុនលី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ ស្មើនឹងទម្ងន់ចំនួន ៣២.៥៥ក្រាម ឧបករណ៍សង្ស័យប្រើប្រាស់គ្រឿងញៀន ១កំប្លេ និងម៉ូតូចំនួន ២គ្រឿងម៉ាក វ៉េវអេស ពណ៏ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1A 2504 និងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀនឈ្មោះ អៀ ប៊ុនលី និងវត្ថុតាងសម្ភារ កម្លាំងនាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖