ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេក ជ្រុលទៅបុកខឿនផ្លូវដួលទៅបោកនឹងបង្គោល ស្លាកសញ្ញាចរាចរណ៍ បែកក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ បានបែកក្បាលស្លាប់នៅនឹងកន្លែងកើងហេតុយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបណ្តាលរេចង្កូតទៅបុកខឿនផ្លូវដួលទៅបោកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍តាមចិញ្ចើមផ្លូវ ពេញទំហឹង កាពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុងរង្វត់មូលកួចកាណុង តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ។

តាតប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម សង់ ស៊េរី ២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF-8091 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់កើតហេតុខាងលើបានបត់ស្តាំដៃបម្រុងជិះឡើងលើស្ពានជ្រោងចង្វា បានរេចង្កូតទៅបុកខឿនផ្លូវដួលទៅបោកក្បាលនឹងបង្គោលស្លាកសញ្ញាចរាចរណ៍តាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះ អាសន្នរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀតផ្ទាត់ប្រគល់ជូនវិញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលសពយកទៅទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖