ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូទាក់ដៃចង្កូតគ្នា ដួលចូលក្រោមកង់រថយន្ត បណ្ដាលឲ្យរថយន្តកិនស្លាប់ម្នាក់ និងរបួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកល្បឿនលឿន បានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតនៅខាងមុខ បណ្ដាលឲ្យដួលត្រូវរថយន្តមកពីក្រោយកិនស្លាប់អាណោចអាធ័មនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង​ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ម៉ូតូបង្កម៉ាកសង់កូរ៉េ ពណ៌ក្រហម (បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណបានបើកគេចខ្លួនបាត់ស្រមោល) រីឯអ្នកភាគីម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល1Y-8455 បើកបរដោយឈ្មោះ គ្រុក មៀច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ (រងរបួសស្រាល) រួមដំណើរជាមួយឈ្មោះ រ៉ាន រួញ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្លាប់នៅកន្លែងកើតហេតុ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េ ធ្វើដំណើរច្រាស់ទិសគ្នា បើកដោយល្បឿនលឿន បានទាក់ដៃចង្កូតម៉ូតូជនរងគ្រោះ បណ្ដាលឲ្យម៉ូតូជនរងគ្រោះដួល ធ្វើឲ្យអ្នករួមដំណើរម្នាក់ដែលអង្គុយពីក្រោយឃ្ទាតចូលទៅក្រោមកង់រថយន្ត ទ្រូវរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញបានចុះមកកន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ ពិនិត្យវាស់វែង រួចកសាងសំណុំរឿង ដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូសង់កូរ៉េបើកបរក្នុងស្ថានភាពស្រវឹង បើកលឿន ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ ៕ស្អាងជ័យ


ចែករំលែក៖