ខេត្តកណ្ដាល៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជាប្រចាំ បានដើរបាត់ពីផ្ទះអស់រយះពេលមួយយប់ លុះស្អែកឡើងត្រូវបានប្រទះឃើញអណ្ដែតទឹកស្រះមួយកន្លែង បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ ព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆឹម ឆន ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា តាមការសួរបំភ្លឺឈ្មោះ សុត ថុល ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ កសិករ បានឲ្យដឹងថា កន្លងមក ជនរងគ្រោះជាមនុស្សតែងផឹកស្រាជាប្រចាំ ។ រហូតមកដល់នៅពេលព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានដើរបាត់ពីផ្ទះដោយពុំដឹងថាទៅណានោះទេ ធ្វើឲ្យបងប្អូនមានការងឿងឆ្ងល់ និងដើររកគ្រប់ទីកន្លែង តែរកមិនឃើញនោះទេ លុះ រហូតដល់ថ្ងៃទី២ ប្រហែលម៉ោង៨និង៣០នាទីក៏បាននាំគ្នាដើររកម្ដងទៀត ដោយសំដៅទៅកាន់មាត់ស្រះ ក៏ស្រាប់តែឃើញក្រម៉ា ខោអាវរបស់ជនរងគ្រោះនៅមាត់ស្រះ ខណៈក៏នាំគ្នាដើររកជុំវិញស្រះទឹក ក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹក ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលជំនាញ បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៏រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នឹងកូន បងប្អូននៃសព បានធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។
បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ