ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រ បើកបុកបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់អស់៣កង់ ឯរថយន្តដាច់កង់មុខ ទៅលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៣កង់នៅក្បែរង្វង់មូលចោមចៅ បានរងការខូចខាត ដោយសារបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័រយ៉ាងលឿន ហើយរេចង្កូតទៅបុកពេញទំហឹង ឯរថយន្តដាច់កង់ឆ្វេងគៀបជាប់ទ្រូងផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្បែរង្វង់មូលចោមចៅ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA -0386 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលរៀប៣កង់ រីឯរថយន្តបង្កបានដាច់កង់មុខផ្នែកខាងឆ្វេងចេញពីរថយន្ត គៀបជាប់ទ្រូងផ្លូវទៅមុខលែងរួច តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕សុខាសែនជ័យ


ចែករំលែក៖